ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់ឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តទាំងអស់ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ចេញដោយក្រសួង ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកោះកុង នាថ្ងៃទី៣ កក្កដា លោក ប៉ាន សូរស័ក្តិ បានជំរុញឲ្យមន្ត្រីទាំងអស់ ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាល តំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាម សកម្មភាពរបស់ក្រសួង។ និងត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាក.ប.ប.ខេត្តទាំងអស់ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង និងតាមដានការប្រកបអាជីវកម្ម ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ ហើយត្រូវរៀបចំបែងចែកការងារ និងប្រគល់ភារកិច្ចឲ្យទទួលខុសត្រូវដល់ ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទ ឲ្យសមស្របតាមសមត្ថភាពការងារ និងត្រូវរៀបចំផែនការសកម្មភាពការងារ ផ្អែកតាមផែនការយុទ្ធសាស្រ្ដ របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាផែនការសកម្មភាពរបស់មន្ទីរ ឲ្យបានច្បាស់លាស់» ។
ទន្ទឹមគ្នានោះលោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ ពង្រឹងរបបការងារ បង្កើនការគោរពវិន័យ និងរៀបចំការប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារជាប្រចាំ ពិសេសត្រូវបង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក៏ដូចជាស្ថាប័នផ្សេងៗទៀត នៅជុំវិញខេត្តផងដែរ ជាពិសេសត្រូវខិតខំក្ដាប់ឲ្យបាន នូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធ និងរាយការណ៍ទៅអភិបាលខេត្ត និងក្រសួងដើម្បីមានវិធានការ ដោះស្រាយបានទាន់ពេលវេលា ៕