ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជា គ្រោងចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយប្រទេសមួយចំនួនទៀត

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាក៏គ្រោងនឹងធ្វើការចរចា យកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសផ្សេងៗទៀត ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី នាថ្ងៃទី៣ សីហា លោក ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ថ្មីៗនេះកម្ពុជាទើបទទួលបាន ជោគជ័យក្នុងការ «បញ្ចប់នៃកិច្ចចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន FTA» និងរង់ចាំពេលវេលាចុះហត្ថលេខា តែប៉ុណ្ណោះហើយកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ផលប្រយោជន៍ យ៉ាងច្រើនដល់កម្ពុជា ឱ្យទទួលបានផលចំណេញពី ការអនុគ្រោះពន្ធក្នុងការនាំ ទំនិញចេញទៅប្រទេសចិន មានន័យថានៅពេល កិច្ចព្រមព្រៀងនេះចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូល ដោយស្វ័យប្រវត្តិ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា «ក្រៅពីចិន និងកូរ៉េខាងត្បូង កម្ពុជាក៏គ្រោងនឹងធ្វើការចរចាយក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសផ្សេងៗទៀត តួយ៉ាងប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ម៉ុងហ្គោលី, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU) ដែលមានសមាជិកចំនួន៥ គឺប្រទេសអាមេនី, បេឡារុស, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន និងសហព័ន្ធរុស្ស៊ីផងដែរ។ ហើយក្រសួងពាណិជ្ជកម្ម ក៏បានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាមួយ ប្រទេសគោលដៅទាំងអស់នេះ រួចរាល់អស់ហើយដែរ» ។

លោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៏គន្លឹះមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា(ក.ប.ប.) ដើម្បីបង្កើនប្រសិទ្ធភាពការងារផងដែរ៖

ទី១-ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស។

ទី២-ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យ កាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យ បានទូលំទូលាយនូវកម្មវិធី កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល កំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។

ទី៣-បញ្ចៀសដាច់ខាតការទាមទារ កម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពីកម្រងសេវា សាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៤-ស្នើឱ្យគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ឱ្យធ្វើតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេស យើងឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ ទៀត ៕