ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្ដេចលែងចេញ ទៅវាយកូនហ្គោលនៅតារាង ខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅ បើកការប្រកួតពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសយើង ។
តានរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណាក់កាលកូវីត១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃឈប់ សម្រាកទៀតហើយ។ មុនកូវីត១៩ កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់ ។ ពេលកូវីត១៩ មកដល់ការងារភាគច្រើន ធ្វើនៅផ្ទះដោយពិនិត្យសម្រេច និងចុះ
ហត្ថលេខាលើឯកសារ ក្នុងរង្វង់ពី ២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។
សម្ដេចបន្តថា ក្រៅពីឯកសារគឺមើលរបាយការណ៍ ពីរាជធានីខេត្តទាំង២៥ ការសុំយោបល់ ឬពិគ្រោះយោបល់ ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីតាមប្រពន្ធ័ whatsapp.telegam.line និងប្រពន្ធ័ផ្សេងទៀត ដែលនេះជាផ្នែកមួយ នៃការប្រយុទ្ធជាមួយកូវីតផងដែរ។ ថ្ងៃនេះហាត់ប្រាណដោយ វាយកូនគោលនៅក្បែរផ្ទះទៀតហើយ។
សម្ដេចតេជោ បញ្ជាក់ថា «ចាប់ពីពេលនេះទៅខ្ញុំលែងចេញ ទៅវាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួត ពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសយើង។ ភរិយាខ្ញុំ កូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយព័ត៌មាននេះ ព្រោះពួកគេបារម្មណ៍ពី សន្តិសុខពិសេសការឆ្លងកូវីត១៩ មកលើរូបខ្ញុំតែម្តង» ៕