ភ្នំពេញ៖ ក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករដែលបានឆ្លងកាត់ ការត្រួតពិនិត្យភូតគាមអនាម័យ ចំនួន ៤២៦.០៧៣តោន កើនឡើងប្រមាណ ១១៨.០៦០តោន ស្មើនឹង ៣៨,៣៣% បើធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៩ មានចំនួន ៣០៨.០១៣តោន ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងតាមរយៈហ្វេសប៊ុក នៅថ្ងៃទី៣១ កក្កដាថា ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ សម្រេចការនាំចេញអង្ករបានចំនួន ២៨.៤១៣តោន កើនឡើងចំនួន ១.៩៣៨តោន ស្មើនឹង ៧,៣២% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១៨ ៥២៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៩ ២០៨ តោន, អង្ករចំហ៊ុយមានចំនួន ៦៨២ តោន និងអង្ករក្រហមមានចំនួន ២៨,៤១ តោន ។
លោករដ្ឋមន្ត្រីបន្ថែមថា ប្រទេសដែលបានបញ្ជាទិញអង្ករ ពីកម្ពុជាក្នុងរយៈពេល ៧ខែនេះ មានចំនួន ៥៧ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុប មានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៦ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៧០ក្រុមហ៊ុន ដែលបាននាំចេញ អង្ករច្រើនជាងគេ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំដូចគ្នា ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់ គោលដៅនាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៣៧,៧០%, ប្រទេសចិនកើនចំនួន ២៥,៩១%, បណ្តាប្រទេសសមាជិក អាស៊ានកើនចំនួន ៤៤,០៣%, និងគោលដៅដ៏ទៃទៀត បានកើនឡើងចំនួន ៧២,៤០% ។
ចំពោះការនាំចេញស្រូវ នៅតាមច្រកតាមបណ្តាខេត្ត ជាប់ព្រំដែននៃប្រទេសវៀតណាម ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២០ មានចំនួនជាង ១,១១៥ លានតោន ៕




