គិតត្រឹមខែកក្កដា ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបានជាង ២លានហិកតា

0

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ២.២៨៩.៤៣០ហិកតា ស្មើនឹង ៨៨,៤៦% នៃផែនការចំនួន ២.៥៨៨.១៣០ ហិកតា

ក្នុងចំណោមការបង្កបង្កើន ផលស្រូវរដូវវស្សា ដែលសម្រេចបានជាង ២លានហិកតាមាន៖ ស្រូវស្រាលចំនួន ៦៨០ ១៨៨ ហ.ត ស្រូវកណ្តាលចំនួន ១ ១៥៩ ០៣២ ហ.ត ស្រូវធ្ងន់ចំនួន ៣៩៨ ៧១៨ ហ.ត ស្រូវចម្ការចំនួន ១៨ ០៥៩ ហ.ត ស្រូវឡើងទឹកចំនួន ៣៣ ៤៣៣ ហ.ត។

ទន្ទឹមនឹងនេះការប្រមូល ស្រូវស្រាលដើមរដូវវស្សា បានចំនួន ៦៨.២៦៧ហិកតា ស្មើនឹង ២,៩៨% ដែលទទួលបានទិន្នផលជាមធ្យមចំនួន ៤,២២៨ តោនក្នុងមួយហិកតា និងបរិមាណផលសរុបចំនួន ២៨៨ ៦២៦ តោន ។

ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ៧២៩ ១៨០ ហ.ត ស្មើនឹង៨៣,៣២% នៃផែនការ ៨៧៥ ២០០ ហ.ត ក្នុងនេះមាន៖ ពោតក្រហម ៨៧ ៥០៦ ហ.ត, ដំឡូងមីចំនួន ៥៨៧ ១១៩ ហ.ត សណ្តែកបាយចំនួន ១៦ ៨៦៣ ហ.ត សណ្តែកដីចំនួន ៤ ៥៩៥ ហ.ត, សណ្តែកសៀងចំនួន ៩ ៩៩៨ ហ.ត និងអំពៅចំនួន ១១ ៣០៣ ហ.ត ។

ចំពោះដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបាន ៤៩ ៥៥០ ហិកតាស្មើនឹង ៩៧,១៦% ក្នុងនេះមានបន្លែគ្រប់មុខចំនួន ៣៤ ៤៣៥ ហិកតា៕