ក្នុងដំណាក់កាលកូវីដ១៩ សហគ្រាសជាង ១០០ ទទួលបានកម្ចីពី ARDB

0

ភ្នំពេញ៖ អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច បានឲ្យដឹងថា ក្នុងដំណាក់កាលកម្ពុជា កំពុងជួបវិបត្តិកូវីដ១៩ មានសហគ្រាសជាង ១០០ បានទទួលប្រាក់កម្ចីជាង ១០លានដុល្លារ ពីធនាគារអភិវឌ្ឍជនបទ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីគម្រោងហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម (SME)» នៅថ្ងៃទី៣០ កក្កដានេះ លោក កៅ ថាច បានថ្លែងថា ដោយសារជួបវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលបានទម្លាក់ជាទុន ទៅឲ្យធនាគារចំនួន២ គឺធនាគារអភិវឌ្ឍជនបទ និងធនាគារសហគ្រាសធុនតូច និងមធ្យម SME Bank ដើម្បីផ្តល់ទុនទៅឲ្យប្រជាពលរដ្ឋ ដែលមានតំរូវការផ្នែកឥណទាន ។

លោកបន្ថែមថា បច្ចុប្បន្ននេះធនាគារអភិវឌ្ឍជនបទ មានការដាក់ពាក្យស្នើរសុំ ក្នុងទំហំទឹកប្រាក់ជាង ៤៥លានដុល្លារ ដែលមានប្រមាណ ៤៥០សហគ្រាស ប៉ុន្តែក្នុងនោះបានផ្តល់កម្ចីបានតែជាង ១០លានដុល្លារ ស្មើនឹងជាង ១០០សហគ្រាសប៉ុណ្ណោះ ។

លោកបន្តថា ដោយឡែកចំពោះសហគ្រាសដែលនៅសេសសល់ យើងនឹងបន្តធ្វើការអនុវត្តន៍ និងចុះវាយតម្លៃទៅតាម លក្ខខណ្ឌឥណទានរបស់យើង ដូច្នេះហើយយើងនឹងបន្តកិច្ចការនេះ រហូតដល់ចប់ឆ្នាំ២០២០ សង្ឃឹមថានឹងអស់ ហើយទទួលបានមូលនិធិថ្មី ដើម្បីជួយផ្នែក SME នៅក្នុងវិស័យកសិកម្ម ។

លោកបានបន្តថា អតិថិជនដែលជាគោលដៅ ក្រោមគម្រោងហរិញ្ញាប្បទាន មានបងប្អូនប្រជាកសិករ សហគមន៍កសិកម្ម ក្រុមអ្នកផលិត អ្នកដំាដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ។ សហគ្រាសដែលនាំចេញ ផលិតផលសម្រេច និងពាក់កណ្តាលសម្រេច ដែលកែច្នៃពីកសិឧស្សាហកម្ម និងផលិតផលចំណីអាហារមានប្រភព ពីផលកសិកម្ម ។

លោក កៅ ថាច គូសបញ្ជាក់បន្ថែមថា «អ្នកដែលអាចទទួលបាននូវឥណទាន នៅទំហំប្រាក់ ៥០លានដុល្លារ ទី១.អ្នកដាំដុះបន្លែផ្លែឈើ ទី២.អ្នកចិញ្ចឹមសត្វ មានចិញ្ចឹមគោ ក្របី ទា មាន់ ទី៣.គឺផ្នែកវរីវប្បកម្ម មានការចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមអន្ទង់ ហើយទី៤.សហគ្រាសធុនតូច និងមធ្យមដែលធ្វើការកែច្នៃ ផលិតផលកសិកម្ម ដែលយើងមានច្រើនហើយ ដែលកំពុងសស្រាក់ស្រាំក្នុងការផលិត ដូចជាទឹកស្វាយ ធ្វើមៀនកំប៉ុង អំបុកកំប៉ុង ដែលយកផលិតផល កសិកម្មធ្វើការកែច្នៃ មាន៤មុខសញ្ញា ដែលយើងផ្តល់ជូន ក្រៅពីនេះមិនអាចស្នើសុំបានទេ» ៕