៤ខែ ធនាគារ SME ផ្ដល់កម្ចី ២០លានដុល្លារ ដល់អតិថិជន ដើម្បីជួយបញ្ហា ក្នុងដំណាក់កាលកូវីដ១៩

0

ភ្នំពេញ៖ អគ្គនាយកធនាគារសហគ្រាស ធុនតូច និងមធ្យម (SME Bank) លោក Dexter Tan Beng Kong បានលើកឡើងថា រយៈពេល ៤ខែ ធនគារ SME បានផ្ដល់កម្ចីចំនួន ២០លានដុល្លារ ជូនទៅអតិថិជន ដើម្បីជួយដោះស្រាយ បញ្ហាប្រឈមនានា ដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីគម្រោងហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម (SME)» នៅថ្ងៃទី៣០ កក្កដានេះ លោក Dexter Tan Beng Kong បានថ្លែងថា រាជរដ្ឋាភិបាល បានផ្ដួចផ្ដើមគំនិតបង្កើតគម្រោង សហហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ។ គម្រោងនេះ មានទឹកប្រាក់ចំនួន ១០០លានដុល្លារ ក្នុងនោះ ៥០លានដុល្លារ ចូលរួមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៣៣ និង ៥០លានដុល្លារទៀត បានមកពីធនាគារសហគ្រាសធុនតូច និងមធ្យម ។

លោកបន្តថា គម្រោងសហិរញ្ញប្បទាននេះ មានគោលបំណង ជួយដោះស្រាយបញ្ហាប្រឈម ដែលប៉ះពាល់ដោយសារ វិបត្តកូវីដ១៩ ។

លោកបញ្ជាក់ថា «បន្ទាប់ពីយើងបានប្រតិបត្តិការរយៈពេល ៤ខែ យើងបានផ្ដល់ឥណទាន ទៅដល់អតិថិជនចំនួន ២០លានដុល្លារអាមេរិក ហើយចំនួនដែលបានផ្ដល់កម្ចី ទៅអតិថិជនមាន ១៧៥កម្ចី ។ យើងជឿជាក់ខ្លាំងថា យើងនឹងអាចមសម្រេចបានគម្រោងនេះ ដែលផ្ដល់កម្ចី រហូតដល់ ៥០% នៃទំហំកម្ចីទាំងមូល នៅក្នុងខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ» ។

លោកបន្ថែមថា ដោយឡែកចំពោះការទទួលបានប្រាក់កម្ចី អតិថិជនទាំងអស់ គ្រាន់តែទៅជួបធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមជាមួយ SME ទាំង៣៣ ហើយយើងផ្ដល់កម្ចីនេះ ដល់គ្រប់ប្រភេទនៃអាជីវកម្មសហគ្រាសធនតូច និងមធ្យមទាំងអស់ លើកលែងតែសហគ្រាសធនតូច និមធ្យមដែលធ្វើអាជីវកម្ម ក្នុងវិស័យកសិកម្ម ៕