ភ្នំពេញ៖ ផ្សារទំនើបអ៊ីអន របស់ជប៉ុន ដែលកំពុងដំណើរការ នៅកម្ពុជាបានប្រកាសផ្អាកផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១$ ២$ និង ៥$ចាប់ពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២០តទៅ ។
យោងតាមសេចក្ដីជូនដំណឹង របស់ផ្សារទំនើបអ៊ីអន បានឲ្យដឹងបន្តថាផ្សារទំនើបអ៊ីអន នឹងអាប់ត្រឡប់ទៅវិញ រាល់ប្រាក់អាប់នឹងប្រើប្រាស់ប្រាក់រៀល(៛)វិញ។ ផ្សារទំនើបអ៊ីអន ក៏បានបញ្ជាក់ថា នៅតែបន្តទទួល ក្រដាសប្រាក់ដុល្លារ ពីអតិថិជនសម្រាប់ការជាវទំនិញ រហូតដល់មានការជូនដំណឹងជាថ្មី។
ទាក់ទិនបញ្ហានេះ លោកស្រី ជា សិរី មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា” ចំពោះការប្រកាសរបស់ ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារ អាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់ មិនមានក្រដាសដុល្លារទាំងនេះ សម្រាប់អាប់ក៏យើងមិនអាចបង្ខំ គាត់អោយអាប់នូវក្រដាស ទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ ណាដែលគាត់មាន។ យើងទាំងអស់ គ្នាគួរបន្តគាំទ្រ ការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ”។
សូមបញ្ជាក់ថា នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ។”
ជាទូទៅជប៉ុន គាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ ប្រាក់រៀលនៅកម្ពុជាតាមរយៈ JICA ការទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀល ក្នុងផ្សារទំនើប មុនគេក្នុងចំណោមផ្សារទំនើប ទាំងអស់នៅកម្ពុជា។
ក្រោយពីមានលើកឡើង ជាបន្តបន្ទាប់ នូវការមិនទទួលក្រដាសប្រាក់ដុល្លារ ប្រភេទតូចៗ ពីសំណាក់អាជីវករ មួយចំនួននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាកាលពីថ្ងៃទី២៩ខែឧសភា បានចេញមកប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតា ក្នុងប្រទេសកម្ពុជា៕