ភ្នំពេញ ៖ ប្រធានបេសកកម្ម អង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ ប្រចាំនៅកម្ពុជាលោកស្រី គ្រស្ទីន ផាកូ បានសម្ដែងការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ពលខ្មែរ ដែលកំពុងវិលត្រឡប់មកស្រុកកំណើតវិញ ជាបន្តបន្ទាប់ក្នុងស្ថានភាពនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ព្រួយបារម្ភក៏ព្រោះតែពួកគាត់ ដែលជាពលករឆ្លងដែនទាំងនោះ កង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាន នៅមានកម្រិតព្រមទាំងប្រឈម ជាមួយហានិភ័យនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចជាដើម។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី គ្រស្ទីន ផាកូ បានឲ្យដឹងថា ស្ថានភាពវិបត្តិជំងឺកូវីដ-១៩ មានផលប៉ះពាល់ ដោយមិនស្មើភាពគ្នា ទៅដល់ប្រជាជន ដែលសង្ឃឹមនឹងទទួលបានជីវិត កាន់តែប្រសើឡើង ហើយធ្វើការឆ្លងព្រំដែន ដើម្បីទាញក្រុមគ្រួសាររបស់ពួកគេ ឲ្យចាកចេញពីភាពក្រីក្រ ដោយបង្ហាញឲ្យឃើញ ពីភាពងាយរងគ្រោះរបស់ពលករ នៅក្នុងអំឡុងពេលលំបាកនេះ។
លោកស្រីមានប្រសាសន៍ថា « នៅប្រទេសកម្ពុជា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានធ្វើឲ្យពលករទេសន្ដរប្រវេសន៍ ជាង ១០០.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែមីនា ឆ្នាំ២០២០។ នៅពេលត្រឡប់ ទៅកាន់សហគមន៍របស់ពួកគេវិញ ពលករដែលបានវិលត្រឡប់ទាំងនោះ អាចកាន់តែប្រឈម នឹងភាពងាយរងគ្រោះជាងមុន ដោយសារតែ កង្វះខាតកិច្ចគាំពារសង្គម ការទទួលបានព័ត៌មាននៅមានកម្រិត ព្រមទាំងហានិភ័យ នៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ចកើនឡើង»។
ចំណែក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងដំណាក់កាលបច្ចុប្បន្ន ការធ្វើទេសន្តរប្រវេសន៍រឹតតែ ប្រឈមខ្លាំងដោយហេតុការ រាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ មិនតែប៉ុណ្ណោះប្រទេសមួយចំនួន បាននិងកំពុង តែកើនឡើងចំនួនអ្នកឆ្លងថ្មី យ៉ាងច្រើនលើសលប់ជារៀងរាល់ថ្ងៃ។
សម្ដេចក្រឡាហោមបន្ដថា ស្ថានភាពនេះបានធ្វើឲ្យ ប្រទេសដែលទទួលពលករ ក៏ប្រឈមខ្លាំងទៅនឹងភាព ប្រែប្រួលជាអវិជ្ជមាននៃ ចរន្តសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងស្រុកដែលជំរុញ ឲ្យដំណើរការរោងចក្រសហគ្រាស និងវិស័យសេវាកម្មនានារាំងស្ទះ និងត្រូវផ្អាកដំណើរការជាបន្តបន្ទាប់។
សម្ដេចក្រឡាហោមបន្ថែមថា ចំណែកឯវិធានការណ៍ បិទព្រំដែន និងបិទការនាំចូលពលករបរទេស ក៏នៅបន្តដែលជាហេតុធ្វើឲ្យ ពលករត្រូវធ្វើការសម្រេចចិត្ត ឲ្យបានច្បាស់លាស់តើគួរបន្តស្នាក់នៅ ក្នុងប្រទេសគោលដៅ ដោយមិនមានការងារ ប្រាក់ចំណូល ឬក៏ត្រូវត្រឡប់មកូមិស្រុកវិញ ដើម្បីជួបជុំគ្រួសារ ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «គិតចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានពលករកម្ពុជាដែលវិលត្រឡប់ ពីការធ្វើទេសន្តរប្រវេសន៍ ក្នុងអំឡុងកូវីដ ១៩ មានប្រមាណ ១០ម៉ឺន៣ពាន់នាក់ និងស្រ្តី ប្រមាណ ៤៥ភាគរយ » ។
សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពបែបនេះ នឹងមិនអាចបញ្ចប់ដោយងាយៗនោះទេ ហើយក៏អាចអូស បន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុនេះ កិច្ចការ ពារពលករ ទាំងនៅក្នុងប្រទេសដើម ទាំងនៅក្នុងប្រទេសគោលដៅ គឺជាភារកិច្ចចាំបាច់គប្បី ត្រូវយកចិត្តទុកដាក់ ។ ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាក៏បាន យកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រោះប្រជាជនកម្ពុជាបាននិងកំពុង តែទទួលរងនូវស្ថានភាពទាំងអស់នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕