ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ធ្វើការហាមឃាត់ គ្រប់ការដ្ឋានសំណង់ ដែលបានសាងសង់ឡើង ដោយគ្មានច្បាប់ និងមានច្បាប់ហើយតែ ការសាងសង់ខុសពីច្បាប់ អនុញ្ញាតដោយមិនត្រូវទុករហូត បង្កហានិភ័យដល់មនុស្សនោះទេ។
លោក ឃួង ស្រេង បានលើកឡើងបែបនេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសំណង់ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឱ្យសំណង់នៅរាជធានីភ្នំពេញ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ចៀសវាងនូវហានិភ័យផ្សេងៗ កើតឡើងដោយ យថាហេតុ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការសង់សំណង់ខុសច្បាប់ អនុញ្ញាតត្រូវហាមឃាត់ ឬវាយចោលមិនត្រូវទុកឱ្យ មានការភ័យកើតឡើងទេ ។ បញ្ហាបែបនេះយើងធ្លាប់បានវាយ និងកាត់សំណង់កម្ពស់ ១០ជាន់រួចម្តងហើយ ។ ការធ្វើដូច្នេះគឺដើម្បីកុំឱ្យមាន ហានិភ័យកើតឡើងប៉ះពាល់ ដល់អាយុជីវិតមនុស្ស។
ដោយឡែក ចំពោះសំណង់ដែលមាន អាយុកាលចាស់ទ្រុឌទ្រោម លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗ នៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ចៀសវាង មានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរថាមិនបាន យកចិត្តទុកដាក់ចំពោះរពួកគាត់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាពដើម្បីស្វែងរក អ្នកវិនិយោគក្នុងការទិញ ទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្ត របស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗ ទាំងនេះមានហានិភ័យខ្ពស់ណាស់ ។
សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗ ទ្រុឌទ្រោមចំនួន ២៤៥ទីតាំង ដែលបាននិងកំពុងបង្ក ហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ ៕