ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថាហេតុអ្វីបានជាមិនព្រមឆ្លើយតបនឹងលិខិតរបស់សម្ដេច ពាក់ព័ន្ធនឹងការបើកវគ្គសិក្សាឡើងវិញ មិនតែប៉ុណ្ណោះបែរជារុញទៅឲ្យលោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំជាអ្នកឆ្លើយតបទៅវិញ ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះថា « ឥឡូវនេះយើងបានសម្រេចដំណើរការឡើងវិញហើយ នៃការបើកវគ្គសិក្សារៀនសូត្រ! ខ្ញុំអត់ហ៊ានសម្រេចទេរឿងហ្នឹងពេលដែលទទួលបានលិខិតសំណើរ ដើម្បីអោយបើក ឡើងវិញ ខ្ញុំបានអោយខុទ្ទកាល័យខ្ញុំ អគ្គលេខាធិការក្រសួងមហាផ្ទៃរៀបចំសំបុត្រមួយជូនទៅ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រោះគាត់ទទួលខុសត្រូវរឿងសុខភាព និងជំងឺហ្នឹង តែគាត់អត់ឆ្លើយទេ ហើយថែមទាំង បានប៉ះសេទៅ ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ! ហង់ ជូនណារ៉ុន មានភារកិច្ចណាទៅឆ្លើយរឿងហ្នឹង ព្រោះគាត់មិនមែនពេទ្យផង គាត់មិនមែនទទួលខុសត្រូវរឿងសុខភាព និងជំងឺផង គឺគាត់ទទួលខុសត្រូវរឿងអប់រំតើ! ហើយគេមិនបានសួរពីរឿងអប់រំនោះទេ គេសួរពីរឿងសុខភាពនេះ តើអាចបើកវគ្គសិក្សា បានឬមិនបានគាត់អត់ឆ្លើយ ខ្ញុំឆ្ងល់ដែរហេតុមិច បានគាត់អត់ឆ្លើយ»។
សូមរំលឹកថា រាជរដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ នូវគ្រឹះស្ថានសិក្សាឯកជន មានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិត នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។
យោងតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បើទោះរាជរដ្ឋាភិបាល យល់ព្រមឲ្យសាកល្បង បើកដំណើរការឡើងវិញ នៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែសាលាទាំង២០នោះ ត្រូវអនុវត្តតាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ។
ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវវិធានការចំនួន ៦ចំណុច ដល់សាលាឯកជនចំនួន ២០ ដែលទទួលបានអនុញ្ញាតឱ្យ ពីរាជរដ្ឋាភិបាល ឲ្យបើកដំណើរការឡើងវិញ ។
ដើម្បីឈានដល់ការ ចុះអនុស្សារណៈយោគយល់គ្នា សាកល្បងបើកដំណើរការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ តាមស្មារតីលិខិតរបស់ ទីស្តីការគណ:រដ្ឋមន្ត្រី លេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បន្តណែនាំ ត្រួតពិនិត្យ វាយតម្លៃការរៀបចំរបស់ គ្រឹះស្ថានសិក្សាឯកជនទាំង២០ លើគោលការណ៍តម្រូវ ដូចខាងក្រោម៖
១.ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សា ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍ សម្រាប់សម្លាប់មេរោគតាមស្តង់ដា។
២.គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សា ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។
៣.ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សារណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះ នឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការ បណ្តោះអាសន្ន។
៤.គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រ សិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការ សិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារ សុវត្ថិភាពសុខភាពសិក្សា។
៥.ក្រសួងនឹងចេញគោលការណ៍ ណែនាំស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់ សុខភាពសិក្សាក្នុងបរិបទកូវីដ ជាមូលដ្ឋានគោលសម្រាប់ ការរៀបចំពិធីសារសុវត្ថិភាព សុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា។
៦.គ្រឹះស្ថានសិក្សាត្រូវ អនុវត្តវិធានការតម្រូវនានា ៕