ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទទួលបន្ទុកការងារគ្រឿងញៀនចំនួន ៧រូបករណីប្រើហិង្សា និងយកលុយប្រមាណ ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាប ករណីគ្រឿងញៀន។
យោងតាមសេចក្ដីសម្រេច របស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៧ កក្កដា បានបញ្ជាក់ថា
មន្ត្រីនគរបាលដែលផ្អាក ការងារបណ្តោះអាសន្ននេះរួមមាន៖ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, អុនសេនីយ៍ឯក ស៊ី បូ នាយផ្នែកនៃការិយាល័យ ប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងអនុសេនីយ៍ទោ យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកក្កដាកម្លាំងជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែងដោយបានចាប់ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ។ ជនសង្ស័យបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះ រួចវាយក្បាលពួកគេ និងហៅបក្ខពួកមកព្រួតគ្នាចាប់វាយក្រៀកយកទៅការិយាល័យ ធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរ និងការដោះលែងវិញ៕