មន្ទីរពេទ្យមួយចំនួន ក្នុងរាជធានីភ្នំពេញ ទទួលបានម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ ពីនាយករដ្ឋមន្រ្តី

0

ភ្នំពេញ៖ ដោយមើលឃើញអំពី តម្រូវការទឹកស្អាតជា ចាំបាច់បំផុតសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿង ដល់មន្ទីរពេទ្យមួយចំនួន ក្នុងរាជធានីភ្នំពេញ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ម៉ាស៊ីនចម្រុះទឹកស្អាតដែល ប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ៥គ្រឿងបានផ្ដល់ជូន ដល់មន្ទីរពេទ្យចំនួន ៥ រួមមាន ៖ទី១-មន្ទីរពេទ្យគន្ធបុប្ផា ចំនួន១ គ្រឿង ទី២-មន្ទីរពេទ្យកាល់ម៉ែត ចំនួន ១ គ្រឿង ទី៣-មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១ គ្រឿង ៤-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង៥-កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌ នៅតាមមជ្ឈដ្ឋានទីសាធារណៈ ក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ ទឹកស្អាតជាចាំបាច់)។

សូមជម្រាបថា នៅព្រឹកថ្ងៃទី ២៨ កក្កដា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ ជាតំណាង សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញប្រគល់ម៉ាស៊ីន ចម្រោះទឹកខាងលើជូនទៅតំណាង មន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់ ជាប្រយោជន៍សាធារណៈ។

សូមបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ ប្រទេសអ៊ីស្រាអែលមាន សមត្ថភាពផលិតទឹកបរិសុទ្ធ ដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយ ផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង ៕