ប្រមុខការពារជាតិ អំពាវនាវឲ្យពលរដ្ឋ បន្តថែរក្សាអនាម័យ សុខភាព ដើម្បីចៀសផុតពីកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។

សម្ដេច ទៀ បាញ់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៨ កក្កដានេះថា ការគំរាមកំហែងពីមេរោគកូវីដ-១៩ គឺនៅតែមានកម្រិតខ្ពស់នៅឡើយ ដោយអត្រាចម្លង មានចំនួនកើនឡើងជាង ១៦,៦លាននាក់ និងអត្រាមរណៈភាពមានចំនួន ជាង៦៥ម៉ឺននាក់ នៅជុំវិញពិភពលោក។

សម្ដេចបន្តថា «ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ» ៕