ឲ្យត្រីខ្ញុំហូប ខ្ញុំឆ្អែតបានមួយថ្ងៃ… បង្រៀនខ្ញុំឲ្យចេះស្ទូចត្រី ខ្ញុំឆ្អែតបានមួយជីវិត!

0

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានលើកឡើងថា ឲ្យត្រីខ្ញុំហូប ខ្ញុំឆ្អែតបានមួយថ្ងៃ…បង្រៀនខ្ញុំឲ្យចេះស្ទូចត្រី ខ្ញុំឆ្អែតបានមួយជីវិត!គេថា “ស៊ូបង្រៀនមនុស្សម្នាក់ឲ្យចេះស្ទូចត្រី ប្រសើរជាងឲ្យត្រីមនុស្សម្នាក់នោះហូប” ចុះបើយើងមានឱកាសបង្រៀនមនុស្ស ”មួយភូមិ” ឲ្យចេះស្ទូចត្រីវិញតើជីវិតរបស់ ពួកគេនឹងខុសប្លែកយ៉ាងណាដែរ?

លោក ឃឹម ហ្វីណង់ បានសរសេរលើគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី២៨ កក្កដានេះថា ចំណោទនេះគឺជាអ្វីដែល «អង្គការលំនៅឋានកម្ពុជា» និងរដ្ឋបាលស្រុកបន្ទាយស្រី កំពុងតែសាកល្បងព្យាយាម ដោះស្រាយជូនអ្នកភូមិពើងឆ័ត្រ។

“ពើងឆ័ត្រ” គឺជាភូមិដ៏តូចមួយនៅក្នុងឃុំឃុនរាម ដែលមានប្រជាពលរដ្ឋរស់នៅត្រឹមតែ ១៣៩គ្រួសារប៉ុណ្ណោះ តែមានអត្រានៃភាពក្រីក្ររហូតដល់ទៅ ៤៨% ដែលជាអត្រាខ្ពស់ជាងគេបំផុត នៅក្នុងស្រុកបន្ទាយស្រី។ ប្រហែលជាធ្លាប់លឺខ្ញុំនិយាយពីការ លំបាកនៃភូមិត្រពាំងថ្ម តែតាមពិតទៅ ភូមិពើងឆ័ត្រលំបាកខ្លាំងជាង ហើយស្ថិតនៅជាប់គ្នា នឹងភូមិត្រពាំងថ្មទៀតផង គ្រាន់តែកន្លងមកអាទិភាពត្រូវ បានផ្តល់ជូនភូមិត្រពាំងថ្ម ព្រោះជាភូមិដែលមានប្រជាជន រស់នៅច្រើនជាងពើងឆ័ត្រ។ តែថ្ងៃនេះ រដ្ឋបាលស្រុកបន្ទាយស្រី ទទួលបានដៃគូមួយដ៏ប្រពៃ ដើម្បីរួមដៃគ្នាជួយដោះស្រាយ បញ្ហាប្រឈមសំខាន់ៗនៅក្នុងភូមិដ៏ក្រខ្សត់មួយនេះ។

ដោយទទួលបានការគាំទ្រ ថវិកាពីប្រទេសហូឡង់ អង្គការលំនៅឋានកម្ពុជា នឹងសហការជាមួយ រដ្ឋបាលស្រុកបន្ទាយស្រី អនុវត្តគម្រោង ”លើកកម្ពស់សហគមន៍ ដើម្បីភាពរឹងមាំ” ដែលជាទម្រង់ថ្មីមួយ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា ដោយជ្រើសយកភូមិពើងឆ័ត្រជាភូមិគោលដៅ ដើម្បីកែប្រែស្ថានភាពនៅក្នុងសហគមន៍ ផ្តល់ភាពរឹងម៊ាំនិងលំនឹងជីវិត ព្រមទាំងលទ្ធភាពអាចគ្រប់គ្រង ម្ចាស់ការ និងអភិវឌ្ឍបន្តដោយខ្លួនឯងបាន ក្រោយពេលគម្រោងដែល មានរយៈពេល ៣ឆ្នាំនេះត្រូវបានបញ្ចប់។

គម្រោងនេះនឹងផ្តោតទៅលើ អាទិភាពមួយចំនួនដូចជា៖

– សាងសង់ ជួសជុល កែលម្អផ្ទះរបស់ប្រជាពលរដ្ឋទាំង ១៣៩ខ្នង នៅក្នុងភូមិឡើងវិញ

– ទ្រទ្រង់ដល់ការបង្កើតការងារ និងមុខរបរជូនដល់អ្នកភូមិ ទាំងមូលដើម្បីជាបំណិនជីវិត

– ផ្តល់ការតភ្ជាប់អគ្គីសនី ដោយប្រព័ន្ធសូឡា និងបណ្តាញចែកចាយផ្គត់ផ្គង់ទឹកតាមផ្ទះ ដោយមានយន្តការគ្រប់គ្រង ប្រកបដោយនិរន្តភាព

– អប់រំ បណ្តុះបណ្តាលពីការថែទាំផ្ទះ អនាម័យ និងការរស់នៅស្អាតដល់ គ្រប់គ្រួសារនៅក្នុងភូមិ

– បង្កើតនិងពង្រឹងសមត្ថភាព ក្រុមតំណាងនៅក្នុងសហគមន៍ដើម្បីជួយគាំទ្រ និងសម្របសម្រួល ដល់ការងាររបស់គម្រោង
បន្ថែមពីលើវិសាលភាពនៃគម្រោង រដ្ឋបាលស្រុកបន្ទាយស្រី ក៏នឹងជម្រុញឲ្យមានការជួយ ជ្រោមជ្រែងដល់ភូមិក្រីក្រមួយនេះ ក្រោមរូបភាពផ្សេងៗទៀត ដូចជា តាមរយៈការវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការកៀរគរសប្បុរសជន ការតភ្ជាប់បណ្តាញអគ្គីសនី និងការដោះស្រាយបញ្ហា កង្វះខាតទឹកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឲ្យអ្នកភូមិពើងឆ័ត្រ អាចមានឱកាសងើបផុតពីភាពក្រីក្រ និងធ្វើការតភ្ជាប់ភូមិពើងឆ័ត្រ ចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ស្រុក ដើម្បីទទួលបានឱកាសការងារ មុខរបរ និងលើកស្ទួយជីវភាពប្រជាជន នៅក្នុងភូមិអោយបាន ប្រសើរឡើងដូចភូមិដទៃទៀតដែរ។

ខ្ញុំបានសំណូមពរ ទៅអ្នកភូមិពើងឆ័ត្រថា ”ត្រូវចាប់យកឱកាសដ៏កម្រមួយនេះ ឲ្យបានក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីជាការតបស្នងមួយ ស័ក្តិសមទៅនឹងតម្លៃនៃការ ខិតខំប្រឹងប្រែងរបស់ម្ចាស់ជំនួយ និងរដ្ឋបាលស្រុក។ ទាំងអស់គ្នាត្រូវព្យាយាមផ្លាស់ប្តូរ មុខមាត់ថ្មីរបស់ភូមិពើងឆ័ត្រ ហើយឈប់រស់នៅផ្តេកផ្តួល ទៅតាមយថាកម្មបន្តទៀត ៕