ភ្នំពេញ ៖ ដើម្បីបញ្ចៀសគ្រោះថ្នាក់ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានព្រមានដកអាជ្ញាប័ណ្ណវិទ្យុទាំងឡាយណា ដែលឆ្លងរលកសញ្ញាជាមួយ អាកាសចរណ៍ស៊ីវិល ។
ក្នុងពិធីចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស នៅក្នុងដែនអាកាសនៅកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ពីមុនមានយន្តហោះតិច ហើយវិទ្យុក៏តិច ប៉ុន្ដែឥឡូវនេះវិទ្យុមានច្រើនដែលអាច មានបញ្ហាឆ្លងចូលទៅប្រព័ន្ធបញ្ជារបស់ យន្តហោះ អាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។
លោកបន្ដថា ម៉្យាងទៀតដោយសារតែ ម៉ាស៊ីនផ្សាយរបស់ស្ថានីយ មួយចំនួន ដើម្បីសន្សំសំចៃថវិកា គឺគាត់តំឡើងជួសជុល ដោយខ្លួនឯងដូច្នេះវាធ្វើឲ្យ ប៉ះពាល់ដល់ការបញ្ជា រលកសញ្ញារបស់យន្តហោះ ដែលអាចបង្កគ្រោះថ្នាក់ធំ ដល់សុវត្ថិភាពនៃការហោះហើរ របស់អ្នកដំណើរ និងប្រទេសទាំងមូល ។
លោកមានប្រសាសន៍ថា «ក្រសួងព័ត៌មាន បានចាត់វិធានការជាបន្តបន្ទាប់ ប្រសិនបើពិនិត្យឃើញថាវិទ្យុណាមានការឆ្លងរលកសញ្ញា ក្រសួង បានចេញប្រកាសឲ្យ ផ្អាកជាបណ្ដោះអាសន្ន ដើម្បីឲ្យកែតម្រូវបច្ចេកទេស។ បន្ទាប់ពីការកែតម្រូវ ហើយ ក្រសួងនឹងចុះទៅពិនិត្យ ថាតើគាត់កែតម្រូវនេះត្រូវតាមស្តង់ដាបច្ចេកទេសឬអត់បើសិនជាឃើញគាត់កែតម្រូវបាត់ឆ្លងរលកសញ្ញាហើយ គឺក្រសួងនឹងអនុញ្ញាតឲ្យបើកដំណើរការផ្សាយឡើងវិញជាធម្មតា។ ប៉ុន្តែក្នុងករណីមិនកែតម្រូវទេ ក្រសួងនឹងប្រកាសឲ្យផ្អាកដំណើរការផ្សាយ ឬដកអាជ្ញាប័ណ្ណ» ៕