ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បណ្ឌិត្យសភានគរបាលកម្ពុជា នឹងកាត់បន្ថយនគរបាល ទៅសិក្សានៅក្រៅប្រទេស ហើយបណ្ឌិត្យសភា និងសហការ ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធផ្នែកនគរបាល ឲ្យមកបង្ហាត់បង្រៀន។
មានប្រសាសន៍នៅក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការកាត់បន្ថយនគរបាលទៅសិក្សានៅក្រៅប្រទេស មិនមែនមានន័យថា លុបបំបាត់ទាំងស្រុងឡើយ។
សម្ដេចក្រឡាហោម បន្ដថា ការចាត់បញ្ជូននគរបាល ទៅសិក្សានៅក្រៅប្រទេស មានសារៈសំខាន់ណាស់ ដើម្បីឲ្យការយល់ដឹង អំពីសមត្ថភាព មន្ដ្រីនគរបាល ឲ្យដើរទន្ទឹមនឹងការយល់ដឹង និងសមត្ថភាពរបស់ នគរបាលតាមបណ្ដាប្រទេសជាមិត្ត ទាំងក្នុងតំបន់ និងសកលលោក។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ការសម្រេចចិត្តជាយុទ្ធសាស្ដ្រមួយថា យើងត្រូវតែម្ចាស់ការ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ផ្នែកនគរបាល ដោយខ្លួនឯងនោះ គឺជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវជាគោលការណ៍ យុទ្ធសាស្ដ្រដ៏ត្រឹមត្រូវ ដែលខ្ញុំចង់បានជាយូរហើយ ខ្ញុំក៏ធ្លាប់និយាយហើយ មកដល់ពេលនេះយើងអាច ចាប់ផ្ដើមចេញដំណើរបាន ចង់និយាយថា យើងអាចឈានកាត់បន្ថយបណ្ដើរៗ។ ឧទាហរណ៍ថា យើងបានបញ្ជូន ទៅក្រៅប្រទេសនេះ៥០០នាក់ ប្រទេសនោះ៤០០នាក់ ឥឡូវយើងអាចបន្ថយ៧០% ឬកាត់បន្ថយ៣០% ឬកាត់៥០% និងឈាន់កាត់បន្ថយជាបន្ដបន្ទាប់»។
សម្ដេចក្រឡាហោម រៀបរាប់ថា បណ្ឌិត្យសភានគរបាលកម្ពុជា កាត់បន្ថយនគរបាលទៅសិក្សា នៅក្រៅប្រទេស ប៉ុន្ដែបណ្ឌិត្យសភាត្រូវ សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកនគរបាល ដោយចាត់បញ្ជូនគ្រូ មកបង្ហាត់បង្រៀន។ ដូច្នេះ បណ្ឌិត្យសភា នគរបាលកម្ពុជា និងក្រសួងមហាផ្ទៃ នឹងសិក្សាអំពីបញ្ហាខាងលើ។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នាពេលកន្លង បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានចាត់បញ្ជូននគរបាលទៅសិក្សា នៅក្រៅប្រទេស ជាច្រើនផងដែរ ៕