ភ្នំពេញ៖ ក្រុមអាជ្ញាធររបស់ប្រទេសវៀតណាម កំពុងជម្លៀសប្រជាពលរដ្ឋប្រមាណ ៨០,០០០នាក់ ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុក ចេញពីភាគកណ្ដាលទីក្រុងដាណាង នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រជាពលរដ្ឋ៣នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍មួពាក់ព័ន្ធនឹងការជម្លៀសប្រជាពលរដ្ឋនេះ ដោយបានបញ្ជាក់ថា ការជម្លៀសប្រជាពលរដ្ឋនេះនឹងចំណាយពេល ០៤ថ្ងៃ តាមប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ប្រហែល១០០ជើងជារៀងរាល់ថ្ងៃចេញពីទីក្រុងដាណាង ទៅកាន់ទីក្រុងចំនួន១១ នៅប្រទេសនេះ។ វៀតណាម បានវិលត្រឡប់ ទៅការប្រកាសអាសន្ន កម្រិតខ្ពស់ជាថ្មី បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍លើកដំបូងរបស់ខ្លួន ចាប់តាំងពីខែមេសា និង ០៣ករណីឆ្លងទៀត កាលពីថ្ងៃអាទិត្យ នៅគ្រប់តំបន់ទេសចរណ៍ សំខាន់ៗទាំងអស់ នៅទីក្រុងដាណាង ដែលនាំឲ្យអ្នកឆ្លងសរុប នៅប្រទេសនេះ កើនឡើងដល់ ៤២០នាក់ ៕