រដ្ឋមន្ត្រីមហាផ្ទៃ៖ ធ្វើប៉ុស្តិ៍ប៉ូលិសកន្លែងណា ត្រូវរើសអ្នកនៅកន្លែងនោះ មកធ្វើការងារ ព្រោះថា…

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បើចង់ធ្វើប៉ុស្តិ៍ប៉ូលិសកន្លែងណា ត្រូវជ្រើសរើសអ្នកដែលមាន សមត្ថភាពនៅកន្លែងនោះមកធ្វើការងារ ព្រោះពួកគាត់ស្គាល់ ពីមូលដ្ឋានខ្លួនឯងច្បាស់លាស់ ។

ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៧ កក្កដានេះ សម្ដេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ចង់ធ្វើប៉ុស្តិ៍ប៉ូលិសកន្លែងណា ត្រូវរើសកូនចៅនៅកន្លែងហ្នឹង ព្រោះបទពិសោធន៍ កន្លងមកអ្នកនៅខាងលើទៅផ្ញើ ឧទាហរណ៍ថា ក្របខណ្ឌកន្លែងនោះ ត្រូវការ៥នាក់ ផ្ញើមួយ ឬផ្ញើពីរនាក់ ហើយប៉ូលីសកន្លែងហ្នឹង ដល់ពេលប្រឡង់ជាប់ ចូលក្របខណ្ឌប៉ូលីស ផ្ទេរទៅកន្លែងផ្សេង ក្រោមហេតុផលថា ដើម្បីដកបទពិសោធន៍នៅកន្លែងផ្សេង ចឹងប៉ុសិ៍ប៉ូលិសគ្មានអ្នកធ្វើការ ហើយត្រូវពិនិត្យឲ្យបានត្រឹមត្រូវបំផុត»។

សម្ដេចគូសបញ្ជាក់បន្ថែមថា មន្ដ្រីនគរបាលធ្វើការងារនៅឃុំណា ត្រូវមានដើមកំណើតនៅឃុំនោះ ៕