ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ កក្កដានេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា ។
ក្នុងពិធីបិទសន្និបាត សម្តេចក្រឡាហោម បានធ្វើការណែនាំ និងផ្តាំផ្ញើរនូវអនុសាសន៍ចំនួន៦ ដើម្បីជំរុញការអនុវត្តផែនការ យុទ្ធសាស្រ្ត៥ឆ្នាំបន្ត របស់បណ្ឌិត្យសភាឱ្យទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលមានដូចខាងក្រោម៖
ទី១. អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញ លើកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១ របស់បណ្ឌិត្យសភាដែលបានកាត់ចេញ និងត្រូវខិតខំសម្របសម្រួល ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរក្សាកញ្ចប់ថវិកាតាមសំណើ របស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់គាំទ្រដល់វគ្គសិក្សានានា ដែលត្រូវបណ្តុះបណ្តាល។
ទី២. អង្គភាពពាក់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់ មន្ត្រីដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស។
ទី៣. បណ្ឌិត្យសភាត្រូវបន្ដ កសាងវប្បធម៌គុណភាព ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ឱ្យមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការ របស់សង្គមជាតិ។
ទី៤.បណ្ឌិត្យសភាត្រូវជំរុញការងារ ស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មាន ទាក់ទងទៅនឹងការប្រើប្រាស់ ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់ កងកម្លាំងនានា។
ទី៥.ទាក់ទងទៅនឹងសារៈមន្ទីរនគរបាលជាតិ ដែលគ្រោងសង់ថ្មីក្នុងបរិវេណបណ្ឌិត្យសភា ក្នុងន័យនេះ សម្តេចក្រឡាហោម ស្នើសុំ លោក ចាន់ អ៊ាន លោក ម៉ៅ ប៊ុណ្ណារិន លោក សេង យូអ៊ាន់ និងលោក សេង ផល្លី ត្រូវជួបប្រជុំពិភាក្សាគ្នា អំពីការផ្ទេរការគ្រប់គ្រង និងការសាងសង់សារៈមន្ទីរនគរបាលជាតិនេះ។
ទី៦.បណ្ឌិត្យសភាត្រូវបន្តខិតខំ យកចិត្តទុកដាក់អនុវត្តវិធានការណែនាំនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដូចជា ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ ជែល អាល់កុល ការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាពជាដើម ៕