៥ឆ្នាំ បណ្ឌិត្យសភានគរបាលកម្ពុជា បណ្ដុះបណ្ដាល ធនធានមនុស្សជាង ២ម៉ឺននាក់

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៥-២០១៩ បណ្ឌិត្យសភាធ្វើការបណ្ដុះបណ្ដាល ធនធានមនុស្សចំនួន ២០៩វគ្គ គិតជាមនុស្សចំនួន ២០៩៩៦នាក់។ នេះបើយោងតាមក្រសួងមហាផ្ទៃ ។

ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បណ្ឌិត្យសភានគរបាលកម្ពុជា នាយឧត្តសេនីយ៍ សេង ផល្លី មានប្រសាសន៍ថា «ការអនុវត្តផែនការយុទ្ធសាស្ដ្ររយៈពេល ៥ឆ្នាំ របស់ខ្លួន បណ្ឌិត្យសភា បានធ្វើការបណ្ដុះបណ្ដាល បានចំនួន២០៩វគ្គ សរុបចំនួន២០៩៩៦នាក់ នារី២៥៣៤នាក់ ដោយសម្រេចបាន៨៦%នៃផែនការ»។

លោកនាយកឧត្ដមសេនីយ៍បន្ដថា បណ្ឌិត្យសភានគរបាលកម្ពុជា បណ្ដុះបណ្ដាលធនធានមនុស្ស គិតជាមធ្យមក្នុង១ឆ្នាំ បានចំនួន៤២វគ្គ ដែលមានអ្នកសិក្សាជាមធ្យម ចំនួន៤២០០នាក់។

ឆ្លៀតក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ លើកឡើងទៀតថា លទ្ធផលនៃអនុវត្តផែនការ យុទ្ធសាស្ដ្ររយៈពេល ៥ឆ្នាំ បណ្ឌិត្យសភានគរបាលកម្ពុជា សម្រេចបានលទ្ធផល ៨០.៩% នៃការអនុវត្តផែនការ យុទ្ធសាស្ដ្ររយៈពេល ៥ឆ្នាំ ក្នុងនោះ លទ្ធផលនៃការអនុវត្តផែនការ សកម្មភាពតាមឆ្នាំនីមួយៗ រួមមាន ៖ ឆ្នាំ២០១៥សម្រេចបាន ៧៣.៨៩% ,ឆ្នាំ២០១៦ សម្រេចបាន ៧៣.៨៥% ,ឆ្នាំ២០១៧ សម្រេចបាន ៧៨.២០% ,ឆ្នាំ២០១៨ សម្រេចបាន ៨២.១០% និងឆ្នាំ២០១៩ សម្រេចបាន ៩២.៤០% ៕