ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យើងមិនអាចមើលរំលងបានឡើយ ។
លោកស្រីបានថ្លែង តាមរយៈបណ្ដាញសង្គម តេឡេក្រាម នៅថ្ងៃទី២៥ កក្កដានេះថា ក្រសួងសុខាភិបាល តែងតែអំពាវនាវហើយអំពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។
លោកស្រីបញ្ជាក់ថា «ថ្ងៃនេះ ថ្វីត្បិតតែការរកឃើញអ្នកវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ២៣នាក់ទៀត ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រើនណាស់ ដែលយើងមិនអាចដឹងបានថា តើបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ សូមអ្នកដើរកំសាន្តទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ដែលអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់» ។
លោកស្រី ក៏បានបន្តប្រាប់កុំឲ្យភ្លេចខ្លួន និងកុំសន្តិភាពនិយម ជាមួយវីរុសកូវីដ-១៩ នេះឲ្យសោះ ។
លោកស្រីបានជូនពរបងប្អូនប្រជាពលរដ្ឋ ទាំងអស់មានសុខភាពល្អ ចៀសផុតការចម្លងវីរុស ដ៏កាចសាហាវមកបុគ្គល មកក្រុមគ្រួសារ និងចៀសផុតពីការចម្លង ចូលសហគមន៌ជាបន្តទៀត ៕