ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19។
យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យនេះ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់ នូវភ្ញៀវបរទេសមកកម្ពុជា រួមទាំងការផ្អាកជើងហោះហើរ ចេញពីបណ្តាប្រទេស មួយចំនួន ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ។
ក្នុងជំនួបពិភាក្សា ការងារលើគម្រោងស្តារឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ រវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ តំណាងឱលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពគ្នា ប្រើប្រាស់ហិរញ្ញប្បទាន ១.៥លានអឺរ៉ូ ក្រោមគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមអនុវត្តផែនទី ចង្អុលផ្លូវស្តារ ឡើងវិញ លើវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ១៩។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា លើការដាក់ចេញវិធានការគាំទ្រ វិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ១៩ និងចាប់ផ្តើមពីការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីធានាថា កម្ពុជាជាគោលដៅទេសចរណ៍គុណភាព និងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងបាន ពិភាក្សាបន្ថែមអំពីធាតុចូល (Inputs) សម្រាប់ការរៀបចំផែនទីចង្អុលផ្លូវសម្រាប់ត្រៀមស្តារឡើងវិញនៃកំណើនទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។
លោក ណេប សាមុត បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះដែរទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូ របស់ខ្លួន នឹងប្រើប្រាស់លើគម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩ ឱ្យមានភាពល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំង២៤នេះ មានធាតុចូលសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍ ដែលមានការជួយ ពង្រឹងសមត្ថភាព ពង្រឹងរចនាសម្ព័ន្ធ វិស័យឯកជន នៅក្នុងឧស្សាហកម្មទេសចរណ៍ , ការជួយពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាដៃគូរដ្ឋនិងឯកជន, ការជួយរៀបចំគម្រោងចាំបាច់ ដើម្បីជួយរៀបចំវិស័យទេសចរណ៍គម្រោងជួយគាំទ្រផ្នែកសិក្សាទីផ្សារ និងផ្សព្វផ្សាយគម្រោង ជួយអេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទីក្រុង៕