បុរសម្នាក់ស្លាប់ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ ដោយមិនទាន់ដឹង មូលហេតុពិតប្រាកដ

0

ភ្នំពេញ៖ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ នេះបើយោងតាម AKP ។

លោក កែវ វណ្ណៈ បានឲ្យដឹងទៀតថា ជនជាតិខ្មែររូបនេះបានស្លាប់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃ ជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន ១០នាក់។
មន្ត្រីជំនាញបានចុះទៅ ធ្វើកោសល្យវិច្ច័យសាក សពបុរសខាងលើ ហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំ ផ្តាសាយយកមកលេបផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះគឺជា អ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ ។

បើតាមប្រធានសុខាភិបាល ជនរងគ្រោះស្លាប់ មិនបណ្តាលមកពីជំងឺកូវីដ១៩ នោះឡើយ ដោយសារខាងគ្រូពេទ្យ មិនទាន់បានយកសំណាក ទៅពិនិត្យនៅឡើយនោះទេ ៕