ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។
ក្នុងសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់ សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្ស ដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំ។
នៅក្នុងសេចក្ដីណែនាំនេះ ក៏បានបញ្ជាក់ដែរថា ឯកសារនេះពុំអាចប្រើប្រាស់ ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជា កម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្ដល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុង លំនៅឋានអចិន្ដ្រៃយ៍ ណាមួយជាកំណត់ ទោះបុគ្គល គ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋាន លើសពីមួយក៏ដោយ។
ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្ដោប្រវេសន្ដ ដែលកំពុងរស់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយ ជាកំណត់នៅលំនៅឋាន ដែលខ្លួនស្នាក់នៅអចិន្ដ្រៃយ៍ ៕