ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធាន ដ៏មានសក្តានុពល និងជាកម្លាំងចលករ ដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជន ជាកម្លាំងជួរមុខរបស់ប្រទេស។
លោករដ្ឋមន្រ្តី បានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាតិឱ្យ ក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចូលជួបនិងផ្តល់អនុសាសន៍ មុនពេលចេញដំណើរទៅបំពេញ ការសិក្សារៀនសូត្រនៅពេលខាងមុខ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
លោករដ្ឋមន្រ្តីបានរំលឹកថា ដូចដែលយើងគ្រប់គ្នាបានដឹងហើយ ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ បញ្ហាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់គិតគូរ អត់ធ្មត់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅ និងរៀនសូត្រ មិនថាស្ថិតនៅក្នុងបរិបទណានោះទេ។
លោកបន្តថាការឈានទៅ យកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗនាពេលនេះ ជាការសំខាន់ណាស់ ព្រោះថាការសិក្សានៅប្រទេសជប៉ុន ពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដែលក្មួយៗត្រូវតែយកចិត្តទុកដាក់ ខិតខំរៀនសូត្រដើម្បីយកចំណេះដឹង មកអភិវឌ្ឍន៍ប្រទេសយើងវិញ នាពេលខាងមុខ។
ក្រៅពីសិក្សាជំនាញ ក្មួយៗក៏ត្រូវស្រាវជ្រាវ បទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថានៅជប៉ុន មានការគោរពគ្នាល្អណាស់ ជាពិសេសរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះ ពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំង ក្នុងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។
ក្មួយៗទាំងអស់គ្នា ត្រូវតែត្រៀមខ្លួនសម្រាប់ការងារ រស់នៅក្នុងប្រទេសមួយនេះ ក្រៅពីរៀនសូត្រអ្នកទាំងអស់គ្នា គឺជាទូតសុឆន្ទៈរបស់កម្ពុជាផងដែរ ដែលត្រូវតែបង្ហាញពីសកម្មភាពល្អៗ វប្បធម៌ទំនៀមទំលាប់ប្រពៃណី ដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀត ដែលក្មួយៗបានជួប និងរស់នៅក្នុងពេលសិក្សា នៅក្នុងប្រទេសនោះ។ ម៉្យាងទៀតត្រូវតែសិក្សាពី បរិយាកាសសេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្ម ដ៏ធំមួយរបស់កម្ពុជាផងដែរ។
បើតាមលោក ឈាង សុភា ប្រធានក្រុមបេក្ខជនជ័យលាភី អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ បានលើកឡើងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ហៅកាត់ថាJDS បានបង្កើតឡើងតាំងពីឆ្នាំ២០០០ និងបានបញ្ជូននិស្សិតកម្ពុជា ៤១៦រូប ទៅកាន់ប្រទេសជប៉ុន រហូតដល់ពេលនេះ ដើម្បីធ្វើការបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ហើយបីឆ្នាំចុងក្រោយនេះ មានថ្នាក់បណ្ឌិតផងដែរ ដោយមួយឆ្នាំៗ មានបេក្ខជនបណ្ឌិត២រូប។
ចំពោះយុវជនទាំង ២៤រូប ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុននេះ សុទ្ធតែជាមន្ត្រីរាជការមកពី ក្រសួងស្ថាប័នរបស់រដ្ឋ រីឯជំនាញអាទិភាពដែលត្រូវ សិក្សានៅជប៉ុនរួមមាន ជំនាញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ជំនួយអភិវឌ្ឍវិស័យឯកជន, ជំនាញអភិវឌ្ឍគុណភាពអប់រំ, ជំនាញអភិវឌ្ឍកសិកម្ម និងជនបទ, ជំនាញអភិវឌ្ឍបរិស្ថានរស់នៅទីក្រុង, ជំនាញអភិវឌ្ឍប្រព័ន្ធសុខុមាលភាព និងធានារ៉ាប់រងសង្គម ,ជំនាញអភិវឌ្ឍមុខងាររដ្ឋបាល, ជំនាញអភិវឌ្ឍផ្នែកច្បាប់ និងតុលាការ, ជំនាញទំនាក់ទំនងអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា គោលបំណងនៃកម្មវិធីអាហារូបករណ៍ ផ្តោតសំខាន់លើមន្រ្តីវ័យក្មេង ដែលមានសមត្ថភាព និងមានស្មារតីចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញការអភិវឌ្ឍន៍ ប្រទេសកម្ពុជាឱ្យមានការរីកចំរើន កាន់តែប្រសើរឡើងនាពេលអនាគត ព្រមទាំងចូលរួមក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែស្អិតរមូតបន្ថែមទៀត ៕