សូមរួមគ្នាកំចាត់ ជម្រកមូសខ្លា ដើម្បីការពារ និងទប់ស្កាត់ជំងឺគ្រុនឈីក ដែលដូចគ្នានឹង ជំងឺគ្រុនឈាមដែរ

0

ភ្នំពេញ៖ ក្រោយមានការផ្ទុះឡើងនូវជំងឺគ្រុន ឈីក ដែលដូចទៅនឹងជំងឺគ្រុនឈាមដែរនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំឲ្យថ្នាក់ដឹកនាំ មូលដ្ឋានគ្រប់ជាន់ថ្នាក់ ជំរុញចលនាប្រជាជន កំចាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ និងការពារជំងឺនេះ។

សូមរំលឹកថា ជំងឺគ្រុនឈីក (CHIK) កើតឡើងដំបូងបំផុត នៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រីក និងធ្លាប់បានរកឃើញដំបូង នៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះ នៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០-៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរោតត្បាតខ្លាំងផងដែរ នៅក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះវិហារ កំពង់ស្ពឺ ភ្នំពេញ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្ដាល និងខេត្តកំពត។

សូមរំលឹកផងដែរថា នាពេលថ្មីៗនេះ មានការកើតចេញនូវ ជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅ ភូមិក្បាលកោះ ,អូរជ្រៅ ,ប៉ោយប៉ែត ,ព្រៃគប់ ,អូរនាង និងភូមិអូរឬស្សី នៃសង្កាត់ប៉ោយប៉ែត មានចេញរោគសញ្ញា គ្រុនក្ដៅ៣៨អង្សាសេ កន្ដួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។

ស្របតាមលក្ខណៈបច្ចេកទេស ក្រុមការងារ ក៏បានប្រមូលសំណាក វត្ថុវិភាគឈាមចំនួន ២២នាក់ ដើម្បីធ្វើតេស្ដវិភាគរកមើល វីរុសគ្រុនឈីក (CHIK) និងមើលរកវីរុសកញ្ជ្រឹល-ស្អូច (Measles-Rubella) ចំនួន៦០នាក់ និងយកសំណាកសម្រាប់ ធ្វើតេស្ដរកវីរុសកូវីដ-១៩ ចំនួន ២២នាក់ផងដែរ។ សំណាក់ទាំងអស់នេះ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលលទ្ធផលជាបឋម ចេញនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា ជាករណីជំងឺគ្រុនឈីក។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា «ការទប់ស្កាត់ និងការពារជំងឺឈីក (CHOK) គឺវាដូចគ្នាទៅនិងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការ ការពារកុំឲ្យមូសខ្លាញីខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការ កកើតសត្វមូសនេះ។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំ មូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ ចលនាប្រជាជននៅក្នុងសហគមន៍ ក្នុងការកំចាត់ជម្រកមូសខ្លា ដែលនាំឲ្យកើតដង្កូវទឹក និងមានមូសបង្កជំងឺ ស្លៀកពាក់ខោអាវវែង និងសំរាន្ដក្នុងមុង»។

លោកបន្ដថា នៅពេលមានជំងឺដែល មានរោគសញ្ញាដូចខាងលើ ត្រូវអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែល នៅជិតលោកអ្នកជាទីបំផុត ដើម្បីពិនិត្យពិគ្រោះជំងឺ និងទទួលបានការព្យាបាល បានទាន់ពេលវេលា និងរាល់ករណីសង្ស័យគ្រុនឈីក ក្នុងមួយសប្ដាហ៍ដំបូងនៃជំងឺនេះ ត្រូវសម្រាកនៅក្នុងមុង ឬក្នុងបន្ទប់មានសំណាញ់ការពារ ដើម្បីការពារកុំឲ្យមូសខាំចម្លង បន្ដទៅសមាជិកគ្រួសារ ឬអ្នកជិតខាង ៕