ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការខណ្ឌទាំង១៤ ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំ តាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ។
ក្នុងឱកាសអញ្ជើញ ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មកពីបណ្តាអធិការខណ្ឌទាំង១៤ ចំនួន ៤២០នាក់ កម្លាំងអន្តរាគមន៍នៃ ការិយាល័យចរាចរណ៍ផ្លូវគោកចំនួន ៥០នាក់ និងកម្លាំងអន្តរាគមន៍ចំនួន ១៥០នាក់ ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ សរុបកម្លាំងទាំងអស់ចំនួន ៦៥២នាក់ នៅព្រឹកថ្ងៃទី២២ កក្កដានេះ ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំនូវល្អៗជាច្រើន ដល់កម្លាំងទាំងអស់ ដូចខាងក្រោម៖
១.ក្នុងនាមជាកងកម្លាំង ត្រូវតែគោរពវិន័យ មានសីលធម៌ មានអាកប្បកិរិយា និងប្រើប្រាស់សំដីសមរម្យ ជាមួយប្រជាពលរដ្ឋ ។
២.ត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដើម្បីជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ។
៣.តាមបណ្តាខណ្ឌទាំងអស់ ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំ តាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវតែកែសម្រួល ទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសណែនាំ របស់សាលារាជធានីភ្នំពេញ ។
៤.កងកម្លាំងទាំងអស់ត្រូវចូលរួម គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រាលដាលវីរុសកូវីដ១៩ ដោយពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់ឲ្យបានញឹកញាប់ ។
លោកស្នងការ ក៏បានណែនាំដល់លោក លោកស្រីស្នងការរង អធិការខណ្ឌទាំង១៤ ត្រូវតែត្រួតពិនិត្យ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍ឲ្យបានល្អ ដោយមានការហ្វឹកហាត់ជាប្រចាំ មានការប្រជុំជួរត្រួតពិនិត្យការស្លៀកពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ។ ម្យ៉ាងវិញទៀតក្នុងនាម ជាកម្លាំងអន្តរាគមន៍ត្រូវតែប្រចាំការ ២៤ម៉លើ២៤ម៉ ចេញល្បាតជាប្រចាំ ដើម្បីធានាការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារថ្នាក់ដឹកនាំ គណ:ប្រតិភូជាតិ និងអន្តរជាតិ ។ ល៕