ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវវិធានការចំនួន ៦ចំណុច ដល់សាលាឯកជនចំនួន ២០ ដែលទទួលបានអនុញ្ញាតឱ្យ ពីរាជរដ្ឋាភិបាល ឲ្យបើកដំណើរការឡើងវិញ ។
ដើម្បីឈានដល់ការ ចុះអនុស្សារណៈយោគយល់គ្នា សាកល្បងបើកដំណើរការ ដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ តាមស្មារតីលិខិតរបស់ ទីស្តីការគណ:រដ្ឋមន្ត្រី លេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បន្តណែនាំ ត្រួតពិនិត្យ វាយតម្លៃការរៀបចំរបស់ គ្រឹះស្ថានសិក្សាឯកជនទាំង២០ លើគោលការណ៍តម្រូវ ដូចខាងក្រោម៖
១.ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀន ដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សា ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍ សម្រាប់សម្លាប់មេរោគតាមស្តង់ដា។
២.គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សា ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។
៣.ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះ មានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សារណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះ នឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការ បណ្តោះអាសន្ន។
៤.គ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តអនុវត្តនូវវិធីសាស្ត្រ សិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការ សិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារ សុវត្ថិភាពសុខភាពសិក្សា។
៥.ក្រសួងនឹងចេញគោលការណ៍ ណែនាំស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់ សុខភាពសិក្សាក្នុងបរិបទកូវីដ ជាមូលដ្ឋានគោលសម្រាប់ ការរៀបចំពិធីសារសុវត្ថិភាព សុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា។
៦.គ្រឹះស្ថានសិក្សាត្រូវ អនុវត្តវិធានការតម្រូវនានា ៕