ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា យើងដឹងហើយថា ពិភពលោករាល់ថ្ងៃកំពុងតែ រស់នៅជាមួយបច្ចេកវិទ្យា ដែលមានឧបករណ៍អេឡិចត្រូនិច ដូចជា ស្មាតហ្វូន ថេប្លេត ឡេបថប់ នាឡិកាវៃឆ្លាត ជាដើម។ល។ ហើយឧបករណ៍ទាំងអស់នោះ ត្រូវការថាមពលដើម្បីប្រើប្រាស់។ ជាទូទៅរាល់ឧបករណ៍ អេឡិចត្រូនិចទាំងនេះ តែងតែប្រើប្រាស់ដោយថាមពលថ្ម ដើម្បីងាយស្រួលយកតាមខ្លួន។
ក្នុងអំឡុងពេល ២-៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនជាច្រើនក៏បាន កំពុងអភិវឌ្ឍប្រព័ន្ធបញ្ចូល (សាក) ថ្មឱ្យបានលឿន (Fast Charging) ឆាប់ពេញដើម្បីយកទៅប្រើប្រាស់ម្ដងទៀត។ ចំពោះបច្ចេកវិទ្យាសាកថ្មលឿននេះ បើសិនជាឧបករណ៍មិនត្រូវគ្នា ជាមួយឆ្នាំងសាកថ្មលឿននោះ ការផ្ទេរថាមពលនឹង ត្រូវបានកម្រិតត្រឹមតែ 5V ក៏ប៉ុន្តែបើសិនជាឧបករណ៍ទាំងនោះ អាចត្រូវគ្នាជាមួយឆ្នាំងសាកថ្មលឿន វានឹងអាចផ្ទេរថាមពល ដល់ទៅ 12V, 20V ឬក៏អាចលឿនជាងនេះ។
កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខចិន បានឱ្យដឹងថា ពួកគេបានរកឃើញពីភាពចន្លោះ ប្រហោងរបស់ប្រព័ន្ធសាកថ្មលឿន (Fast Charging) ដែលអាចឱ្យអ្នកវាយប្រហារ ធ្វើការផ្លាស់ប្ដូរកូដនៅក្នុងឆ្នាំងសាក ដែលធ្វើឱ្យឧបករណ៍ដែល អ្នកកំពុងសាករលាយ ឬក៏អាចឆេះ ដោយសារតែមានការ ឡើងកម្តៅខ្លាំងពេក។
ការកែកូដក្នុងការបន្ថែមល្បឿន សាកថ្មឱ្យហួសកម្រិតនេះ ត្រូវបានគេឱ្យឈ្មោះថា BadPower ហើយដោយសារតែការផ្តល់ ថាមពលឱ្យទៅឧបករណ៍នោះ លើសពីការទទួលយករបស់វា ទើបជាហេតុធ្វើឱ្យឧបករណ៍ ទាំងនោះឡើងកម្តៅខ្លាំង ហើយធ្វើឱ្យ កោង រលាយសារធាតុនៅខាងក្នុង ឬក៏អាចបណ្តាលឱ្យឆេះតែម្តង។
តាមការធ្វើតេស្តរបស់ អ្នកស្រាវជ្រាវបានឱ្យដឹងផងដែរថា ពេលខ្លះអ្នកវាយប្រហារក៏អាច ធ្វើការផ្លាស់ប្ដូរកូដនៅក្នុងស្មាតហ្វូន ឬ ឡេបថប់ ហើយនៅពេលអ្នកប្រើប្រាស់ធ្វើការសាកថ្ម វានឹងផ្លាស់ប្ដូរកម្រិតថាមពល ឱ្យហួសដោយស្វ័យប្រវត្តិតែម្ដង។
ទោះបីជាការវាយប្រហារនេះ មើលទៅដូចជារៀងធ្ងន់ធ្ងរបន្តិចមែន ក៏ប៉ុន្តែវាកម្រអាចនឹងកើតឡើងដែរ ដោយឡែកដើម្បីកាត់បន្ថយ ការខូចខាតដល់ ឧបករណ៍របស់លោកអ្នក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់មានការ ប្រុងប្រយ័ត្នក្នុងការជ្រើសរើស ឧបករណ៍សាកថ្មយកមកប្រើប្រាស់ ព្រោះវាក៏អាចនាំឱ្យមានបញ្ហា ដូចដែលបានរៀបរាប់ខាងលើនេះ ៕