តើផ្លាកលេខ AT ក្រោមរបបគយ នាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច? 

0

ភ្នំពេញ៖ តើផ្លាកលេខ AT ក្រោមរបបគយ នាំចូលបណ្តោះអាសន្ន និងផ្លាកលេខភ្នំពេញសេរីអក្សរ AT ខុសគ្នាដូចម្តេច? តើផ្លាកលេខដែលមានសេរីអក្សរ AT តម្រូវឱ្យប្តូរថ្មី ឬអាចប្រើប្រាស់បានទេ?

សម្រាប់រថយន្តដែលមាន បំពាក់ផ្លាកលេខរាជធានី-ខេត្ត សេរីអក្សរ AT គឺអាចប្រើប្រាស់បានធម្មតា មិនតម្រូវឱ្យប្តូរថ្មីនោះទេ។ ផ្លាកលេខមានទម្រង់ ភ្នំពេញ 2AT – 0000 មានផ្ទៃពណ៌ស អក្សរនិងលេខពណ៌ខៀវចាស់ សម្រាប់យានជំនិះជារបស់ ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្ដបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ សម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។

ផ្លាកលេខរថយន្ត AT ក្រោមរបបគយ នាំចូលបណ្តោះអាសន្ន ដែលតម្រូវឱ្យប្តូរ និងធ្វើការផាកពិន័យចំពោះ ការយឺតយ៉ាវក្នុងការមក បន្តសុពលភាពនោះ មានទម្រង់ AT20 2–0000 មានផ្ទៃពណ៌លឿងទុំ អក្សរនិងលេខពណ៌ស សម្រាប់យានជំនិះនាំចូល បណ្តោះអាសន្នតាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន។

ផ្លាកលេខសម្គាល់យានជំនិះប្រភេទនេះ មានសុពលភាពប្រើប្រាស់តែមួយឆ្នាំគត់ ដោយបញ្ចប់ត្រឹមថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ និងត្រូវបន្តសុពលភាពរៀងរាល់ឆ្នាំ។ យានជំនិះដែលបំពាក់ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពី មុខសញ្ញាអនុគ្រោះឡើយ។ យានជំនិះដែលបំពាក់ ផ្លាកលេខប្រភេទនេះ មិនអាចប្រកបអាជីវកម្មខុសពី មុខសញ្ញាអនុគ្រោះឡើយ ។