ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជានៅបញ្ហាត្រង់ថា មានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ កម្ពុជាផលិតស្រូវបានហើយ តែនៅខ្វះទីផ្សារនាំចេញ ។
ក្នុងឱកាសចុះទៅពិនិត្យ ការបង្កបង្កើនផលស្រូវ និងសំណេះសំណាល ជាមួយប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ
នៅថ្ងៃទី២១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរបាយការណ៍រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ខេត្តតាកែវ ក៏ធ្លាប់ជារាជធានីនគរគោកធ្លោក គឺជាដែនដីមានសក្តានុពលមួយ លើវិស័យកសិកម្ម ហើយខេត្តនេះ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ខេត្តនេះមានប្រជាជនសរុប ១.០១៤.៤៧៣នាក់ ក្នុងនោះស្ត្រី ៥១៨.៨៨០នាក់ ដោយមានប្រជាពលរដ្ឋប្រមាណ ៧៩% ពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម ធ្វើស្រែចម្ការ នេសាទត្រី និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ខ្លួន។
សម្តេចបន្តថា គោលដៅនៃការនាំចេញស្រូវ ១លានតោន នៅតែស្ថិតក្នុងគោលដៅ អាទិភាពរបស់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងបន្តទៀត ។
សម្តេចតេជោសង្កត់ធ្ងន់ថា «បញ្ហាត្រង់ថា យើងមានមាសហើយ តែខ្វះក្រដាសខ្ចប់ មានន័យថាកន្លងមកនេះ យើងផលិតស្រូវបាន ហើយតែយើងនៅខ្វះទីផ្សារនាំចេញ, យើងនៅខ្វះខាម៉ាស៊ីនសម្ងួតស្រូវ, និងម៉ាស៊ីនកិនស្រូវ ជាដើម។ ដូច្ចេះហើយទើបកម្ពុជា ត្រូវខិតខំស្វែករកទីផ្សារ ខិតខំបង្កើតអោយមាន ម៉ាស៊ីនសម្ងួតស្រូវ, ម៉ាស៊ីនកិនស្រូវ ដើម្បីងាយស្រួលក្នុងការនាំចេញ» ។
សម្តេចតេជោបន្ថែមថា ប្រទេសកម្ពុជាយើងបានផ្ទេរ ពីការអភិវឌ្ឍកសិកម្ម តាមបែបទូលំទូលាយ ទៅជាកាអភិវឌ្ឍបែប ស៊ីជម្រៅដែលពេល។ នេះជាការធ្វើស្រែចម្ការ នាពេលបច្ចុប្បន្នគឺបានប្រើប្រាស់ នូវបច្ចេកវិទ្យាថ្មី គ្រឿងកសិកម្មទំនើបៗ ងាយស្រួលជាងកាលពីមុន ៕