ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្នការគ្រប់គ្រងវត្តមាន ជនបរទេសនៅក្នុងប្រទេសកម្ពុជា កាន់តែមានលក្ខណៈងាយស្រួល និងមានភាពច្បាស់លាស់ជាងមុន ដោយសារតែ រាល់ការងារចុះបញ្ជីវត្តមាន ជនបរទេសទាំងអស់ មានភាពត្រឹមត្រូវជាងមុន ជាពិសេសបានចុះបញ្ជីតាម ប្រព័ន្ធ FPCS ។
ក្នុងកិច្ចប្រជុំស្ដីពី ប្រព័ន្ធគ្រប់គ្រងវត្តមាន ជនបរទេសនៅកម្ពុជា (FPCS) នៅថ្ងៃទី២១ កក្កដានេះ សម្ដេច ស ខេង បានកោតសរសើរ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលអនុវត្តកិច្ចការងារ គ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ នៅកម្ពុជាប្រកបដោយភាពត្រឹមត្រូវ បើទោះបីកន្លងមក មានមតិរិះគន់ ចំពោះករណីនេះក៏ដោយ ។
សម្ដេចបញ្ជាក់ថា «បច្ចុប្បន្នការគ្រប់គ្រងវត្តមាន ជនបរទេសនៅកម្ពុជា មានលក្ខណៈងាយស្រួល និងមានភាពច្បាស់លាស់ជាងមុន ដោយហេតុថារាល់ ការងារចុះបញ្ជីវត្តមាន ជនបរទេសទាំងអស់ មានភាពត្រឹមត្រូវជាងមុន ដោយឡែកជនបរទេស ដែលមិនបានមកចុះបញ្ជីស្របច្បាប់ នោះគឺមិនទទួលស្គាល់ឡើយ» ។
សូមរំលឹកថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) នេះជាកម្មវិធី App ដែលអាចប្រើប្រាស់តាមរយៈទូរសព្ទ, Tablet ឬកុំព្យូទ័រ ដោយគ្រាន់តែធ្វើការស្កេន លើលិខិតឆ្លងដែន ហើយម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មអាចតំឡើង កម្មវិធីនេះបានដោយងាយស្រួល។ ព្រមជាមួយគ្នានេះ ដើម្បីសម្រួល និងជំនួយដល់ការប្រើប្រាស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានរៀបចំជាមេរៀនខ្លីៗ ស្ដីពីរបៀបតំឡើង ក៏ដូចជារបៀបប្រើប្រាស់កម្មវិធីជា ៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនផងដែរ ៕