ក្នុងខែកក្កដា គ្រួសារក្រីក្រកើនដល់ ៦១ម៉ឺនគ្រួសារ ដែលត្រូវចំណាយ ២៨លានដុល្លារ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងខែកក្កដា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ បានកើនឡើងដល់ ៦១ម៉ឺនគ្រួសារ ដែលធ្វើឲ្យការឧបត្ថម្ភប្រាក់ កើនឡើងដល់ ២៨លានដុល្លារ ។

ក្នុងឱកាសចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសនថា រាជរដ្ឋាភិបាលកម្ពុជា មិនបញ្ឈប់ការរុករក គ្រួសារក្រីក្រ និងងាយរងគ្រោះនោះទេ គឺផ្តល់ជំនួយ និងមិនឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់បាយ ។

សម្តេចតេជោបញ្ជាក់ថា «ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានប្រកាសថា នៅក្នុងខែកក្កដានេះយើងកើនពី ៥៦ម៉ឺនគ្រួសារជាង ដែលចំណាយជាង ២៤លានដុល្លារ ទៅដល់ ៦១ម៉ឺនគ្រួសារ នឹងត្រូវចំណាយ ២៨លានដុល្លារ សម្រាប់ខែកក្កដានេះ ព្រោះយើងស្វែងរកឃើញ គ្រួសារក្រីក្រថ្មីប្រមាណជាង ៥ម៉ឺនគ្រួសារបន្ថែមទៀត ហើយនឹងបន្តរុករក។ បើកូវីដមិនទាន់ថមថយទេ យើងត្រូវនៅបន្តកម្មវិធីជំនួយសង្គម ប៉ុន្តែមិនមែនបានសេចក្តីថា រដ្ឋចិញ្ចឹមរហូតទេ ហើយនេះក៏មិនមែនរដ្ឋចិញ្ចឹមទាំងស្រុងដែរ គឺជាការប៉ះប៉ូវ»។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តន៍ កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ៕