ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កិច្ចប្រជុំក្រុមការងារ យន្តការត្រីភាគីបូក សម្រាប់ពិភាក្សា ធ្វើវិសោធនកម្មច្បាប់ ស្ដីពីការងារ នៅតែមានជំហរភាគីនិយម ខុសៗគ្នាដដែល ។
ក្នុងឱកាសបើកកិច្ចប្រជុំក្រុមការងារ យន្តការត្រីភាគីបូក សម្រាប់ពិភាក្សា ធ្វើវិសោធនកម្មច្បាប់ ស្ដីពីការងារ នាព្រឹកថ្ងៃទី២១ កក្កដានេះ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំ ត្រីភាគីលើកទី២ បន្ទាប់ពីសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគី កាលពីថ្ងៃទី១៦ មករា ឆ្នាំ២០២០ ក្នុងឱកាសនោះបានទទួល នូវការផ្ដល់យោបល់ជាច្រើនពីភាគី និយោជគ ភាគីសហជីព ជាធាតុចូលសម្រាប់ពិចារណា ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះ។
សេចក្ដីព្រាងច្បាប់នេះ រៀបចំឡើងតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃ២៩ មិនា ឆ្នាំ២០២០ ដែលបានដាក់ចេញវិធានការ កែទម្រង់ជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជម្រុញពិពិធកម្មសេដ្ឋកិច្ច លើប្រធានបទ ចំនួន១៥ ក្នុងនោះ ការកែសម្រួលច្បាប់ស្ដីពី ការងារ គឺជាអទិភាពមួយក្នុង វិស័យការងារ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «មកទល់ពេលនេះជំហរ ភាគីនិមួយៗ នៅខុសគ្នាតាមរយៈការ ពិភាក្សាយើងខិតខំប្រឹងប្រែង បង្រួមចំនុចខុសគ្នាឲ្យនៅតូច ឫឈានទៅឯកភាពគ្នា មុនដាក់ជូនរាជរដ្ឋាភិបាល និងស្ថាប័ននិតិបញ្ញត្តិអនុម័ត» ។
លោកបន្តថា បន្ទាប់ពីកិច្ចប្រជុំថ្ងៃនេះ នឹងមានកិច្ចប្រជុំ ពីរលើកទៀតគឺ នាអាទិត្យទី២ ខែសីហា និងចុងខែសីហា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី បានសម្ដែងការជឿជាក់ លើយន្តការត្រីភាគី ខិតខំរកតំណោះស្រាយសមស្រប ដែលអាចទទួលយកបានពីគ្រប់ភាគី នឹងដើម្បីធានា បង្កើត ការងារ ប្រាក់ចំណូល របស់កម្មករនយោជិត ក្នុងបរិបទនៃផលវិបាក ដោយជម្ងឺកូវិត១៩។
សូមបញ្ជាក់ផងដែរថា ក្រសួងការងារ បានសម្រេចបង្កើតក្រុមការងារ យន្តការត្រីភាគីបូកសម្រាប់ ពិភាក្សាការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារនេះឡើង ដែលមានសមាសភាព ត្រីភាគីក្នុងចំនួនស្មើៗគ្នា ដើម្បីបន្តជំរុញកិច្ចសន្ទនាសង្គម ក្នុងពិភាក្សានិងពិគ្រោះយោបល់ លើការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ សំដៅជំរុញកំណើនផលិតភាព ភាពប្រកួតប្រជែងរបស់ជាតិ និងបង្កើនឱកាសការងារ របស់កម្មករនិយោជិត ស្របតាមសេចក្ដីត្រូវការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕