ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានសរសេរលិខិតរំលែកទុក្ខ ផ្ញើជូនលោកស្រី អ៊ឹម សុវណ្ណ ភរិយាសពលោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកការបាត់បង់លោកព្រឹទ្ធាចារ្យ ព្រីង សាឃន គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូបដែលបានលះបង់ពេលវេលារួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក។
ក្នុងលិខិតរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន បានទទួលមរណភាពក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង ៥:៤៥នាទី ថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យ ព្រោះថា ការបាត់បង់លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី គឺជាការបាត់បង់វីរសិល្បករដ៏ឆ្នើមមួយរូបដែលបានលះបង់ពេលវេលារួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិពេញមួយជីវិតរបស់លោក»។
ចំណែកកាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានផ្ញើសារ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន។
លោក ហ៊ុន ម៉ានី បានលើកឡើងថា «ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងសហការី ក៏ដូចជាប្រជាជនកម្ពុជា សូមសម្តែងនូវសមាណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន ដែលលោកបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ»។
លោក បន្តថា «ការបាត់បង់លោកតាព្រឹទ្ធាចារ្យសិល្បៈ គឺជាការបាត់បង់មរតកមនុស្សជាតិ ដែលពោរពេញទៅដោយទេពកោសល្យនិងសមត្ថភាព ផ្នែក ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនសម្រាប់ជាមរតកជាតិ និងជាគម្រូដល់កូនខ្មែរជំនាន់ក្រោយ។លោកតា ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានស្គាល់ និងកោតសរសើរលោកតា ជាពិសេសតាមរយៈតួអង្គ “តាជូជក់” នៅក្នុងល្ខោនយីកេ “រឿងព្រះវេស្សន្តរ” ក្នុងអំឡុងទស្សវត្ស៨០»។
លោក ហ៊ុន ម៉ានី សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី សូមបានយោនយោគក្នុងកាន់ទីស្ថានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមរំលឹកថា លោក ព្រីង សាឃន ជាសិល្បករជើងចាស់ តួតាជូជក់ ក្នុងរឿង ព្រះវេស្សន្តរ ទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១៩ខែកក្កដា ឆ្នាំ២០២០ នៅម៉ោង ៥:៤៥ល្ងាច ដោយរោគាពាធ។
ក្នុងទសវត្សរ៍ ៦០ និង ៧០ លោកតា បានសម្តែងជាតួត្លុក ក្នុងរឿងល្ខោន។ លោកតា ព្រីង សាឃន ក៏បានចូលសម្តែងក្នុងខ្សែភាពយន្តមួយចំនួន ដូចជា រឿងទុំទាវ (១៩៦៥) រឿងស្នេហាស្រុកស្រែ (១៩៦៧) រឿង ថ្មរាំ (១៩៧៣) រឿងនាងសក់ពស់ (១៩៧៤)។ ចុងក្រោយនេះ លោកតា ព្រីង សាឃន បានសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេស្សន្តរ អំឡុង ឆ្នាំ១៩៨០។
ពិធីបុណ្យសពលោកតា ព្រីង សាឃន រៀបចំនៅក្នុងវត្តឫស្សីស្រស់ ក្នុងរាជធានីភ្នំពេញ។ លេខទំនាក់ទំនងកូនស្រីរបស់លោកតាព្រីង សាឃន 011 256 405៕