ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយលោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីប្រកាសជាផ្លូវការ នៃការបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការបញ្ចប់ការចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីចន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនង ឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។
ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០ នេះ៕