គួរឲ្យសោកស្ដាយ! សិល្បករជើងចាស់ តួតាជូជក់ ក្នុងរឿងព្រះវេសន្តរ ទទួលមរណភាពហើយ

0

ភ្នំពេញ៖ វីរសិល្បករ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃ ព្រះរាជាណាចក្រកម្ពុជា បានទទួល មរណភាពនាថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

សូមចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយ ទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស បានចាំពីទេពកោសល្យ សម្តែងរបស់លោកតា យ៉ាងច្បាស់ជាតួត្លុក នៃល្ខោនជាតិប្រទេសកម្ពុជាក្នុងទសវត្ស៦០ និង ៧០ ពិសេសលោកតាបានសម្តែងតួអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរ កំឡុងឆ្នាំ៨០ជាង ។

ក្នុងយុគមាសនៃភាពយន្តខ្មែរ លោកតាបានចូលសម្តែង ក្នុងខ្សែភាពយន្តមួយចំនួនដូចជា រឿងទុំទាវ (១៩៦៥) រឿង ស្នេហាស្រុកស្រែ (១៩៦៧) រឿង ថ្មរាំ (១៩៧៣) រឿង នាងសក់ពស់ (១៩៧៤)។

សូមបួងសួងឲ្យ វិញ្ញាណក្ខន្ធលោកតា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕