វាយខ្នោះពលរដ្ឋ ២នាក់ និងផ្ទុះអាវុធជាង ២០គ្រាប់ ក្នុងជម្លោះរវាងកម្លាំង រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជាមួយប្រជាពលដ្ឋ

0

ភ្នំពេញ៖ ព្រឹត្តិការណ៍ជំលោះ រវាងកម្លាំងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាង ជើងបឹងទន្លេសាប ជាមួយប្រជាពលរដ្ឋ នៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ “អន្លង់ថ្ម” ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឈានដល់មានការផ្ទុះអាវុធ  ចំនួន២២គ្រាប់ គំរាមលើប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ បានប្រាប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ កើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រមាណជាង ៤រសៀល ។

ប្រជាពលរដ្ឋបន្តថា មុនពេលកើតហេតុ ពួកគាត់ឃើញកម្លាំងជាច្រើននាក់ នៅកន្លែងដីតំបន់ ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ “អន្លុងថ្ម”។ ប្រជាពលរដ្ឋចំនួនពីរនាក់ ដែលត្រូវកម្លាំងរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ និងកម្លាំង អធិការដ្ឋានខាងជើង បឹងទន្លេសាប វាយខ្នោះ បញ្ជាក់ថា ពេលគាត់ទាំងពីរ ទៅដល់កងកម្លាំងបាន និយាយថា ពួកគាត់នាំគ្នាមកតវ៉ាប្រឆាំង រារាំងការធ្វើការងារ របស់សមត្ថកិច្ច! បន្ទាប់មកចាប់ពួកគាត់វាយខ្នោះ (ស្លាបសេក) ហើយនាំគាត់ទាំងពីរ ទៅខាងក្រោយឡានឲ្យអង្គុយ! ស្រាប់តែ លោក ហេង ទ្រី ជាមន្រ្តីជាប់កិច្ចសន្យា ដើរមកពីក្រោយ និងវាយពួកគាត់ម្នាក់មួយដៃលើគំត្រចៀក គំរាមចាប់ដាក់គុក រួចរុញបញ្ចូលក្នុងឡាន។ មួយសន្ទុះធំក្រោយ មកក៏បន្តដឹកចេញពីតំបន់នោះ។

ប្រភពប្រជាពលរដ្ឋផ្សេងទៀត ដែលឃើញហេតុការណ៍ នេះក៏បានបបួលគ្នាទៅ សុំអ្នកទាំងពីរនេះវិញ តែសមត្ថកិច្ចមិនឲ្យ ហើយឈានដល់ប្រកែកគ្នាទៅវិញទៅមក! ខណៈនោះកងកម្លាំងបានស្រែក ទៅកាន់ក្រុមប្រជាពលរដ្ឋថា “ហ៊ានចូលម្នាក់ប៉ាញ់ម្នាក់”។ ក្រុមប្រជាពលមក កាន់តែច្រើនឡើង! ស្របពេលនោះ ក៏លឺសម្លេងផ្ទុះគ្រាប់កាំភ្លើង ចំនួនពីរគ្រាប់ផ្ទួនៗគ្នា នៅម៉ោងប្រហែល ម៉ោងជាង៤រសៀល! លឺដូច្នេះក្រុមប្រជាពលរដ្ឋ ស្មានតែបាញ់មនុសុ្ស! ហើយបាននាំគ្នាចូលទៅ ស្រាប់តែមានការផ្ទុះ អាវុធជាបន្តបន្ទាប់ រហូតដល់ ២២គ្រាប់។

ជុំវិញករណីនេះលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ ប្រាប់អ្នកសារព័ត៌មានថា ក្នុងហេតុការណ៍នេះដែរ មន្រ្តីរបស់លោកម្នាក់ ត្រូវបានរងរបួស ដោយសារក្រុមប្រជាពលរដ្ឋគប់នឹងពូថៅ ខណៈមន្រ្តីរបស់លោក កំពុងនៅក្នុងរថយន្ត។ លោកបន្តថា ចំពោះករណីផ្ទុះអាវុធនេះ គឺមន្រ្តីរបស់លោក បាញ់ការពារខ្លួនបំបែកក្រុមប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ ចេញមកពីចំការស្វាយចន្ទី ប្រដាប់ដោយកាំបិត ពូថៅ និងដំបង! ហេតុការណ៍នេះ មិនធ្វើប្រជាពលរដ្ឋណាម្នាក់រងបួសឡើយ។ លោកសំណូមពរ ឲ្យប្រជាពល រដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ និងធ្វើការតវ៉ាដោយសន្តិវិធី ប្រសិនមានករណីណា ដែលមិនឯកភាព។

ស្របពេលនេះដែរ ប្រជាពលរដ្ឋបង្ហាញ ពីការងឿងឆ្ងល់ថា ភូមិអូរគគី ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាស និងសម្រេចបង្កើតភូមិ នៃខេត្តកំពង់ធំ តាមប្រកាសលេខ ៥៣០ ប្រ.ក ចុះថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៦ ជាភូមិស្របច្បប់, រដ្ឋមន្រ្តីក្រសួងធម៌ការ និងសាសនា ទទួលស្គាល់បង្កើតវត្ត អូរគគី និងរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា អនុញ្ញាតឲ្យបង្កើតសាលារៀន។ ជាពិសេសរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបង្កើតការិយាល័យ បោះឆ្នោតស្របច្បាប់ ចំនួនពីរលើករួចមក ហើយ! “ចុះហេតុអ្វីបានជាផ្ទៃដីកសិកម្ម ដែលដំាំស្វាយចន្ទីរ ស្រូវ ដំឡូង និងដំណាំរួមផ្សំ ដែលធ្លាប់បាន អាស្រ័យផលតាំងពីឆ្នាំ២០០៦ ជាដីមិនស្របច្បាប់! ហើយទុកសម្រាប់ជាដីតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញទៅវិញ”។

ក្រុមប្រជាពលរដ្ឋបន្ថែមថា ករណីផ្ទុះអាវុធនៅលើតំបន់នេះ គឺលើកទី២ហើយ ដែលកាលពីមុន បង្ករឡើងដោយ តិប ញាតា នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាប បាញ់ចំនួនពីរគ្រាប់។ ក្រោយមកក៏មានក្រុម ប្រតិភូ១២ក្រសួង ពាក់ព័ន្ធការទប់ស្កាត់លើការ ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង លើដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញនេះដែរ, ប៉ុន្តែរហូតមក ដល់ពេលនេះហាក់បីដូចជា មិនមានដំណោះស្រាយ ណាមួយជូនប្រជាពលរដ្ឋ ទាំងករណីបញ្ហាដីធ្លីកសិកម្ម និងការបាញ់គំរាមកំហែងប្រជាពលរដ្ឋ។

ក្រុមប្រជាពលរដ្ឋ នៅភូមិអូគរគី ដង្ហើយសុំប្រមុខថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ជួយផ្តល់ដីដំណាំស្វាយចន្ទីរប្រមាណជិត ៣០០ហិកតា ឲ្យពួកគាត់មកវិញផង ៕