រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញការបើកច្រកទីផ្សារ មាន់ស្រែបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាព កសិករខ្នាតតូច

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានបើកច្រកទីផ្សារមាន់ស្រែបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករខ្នាតតូច កម្ពុជា។ការជំរុញធ្វើឡើងក្នុង ឱកាសលោករដ្ឋមន្រ្តី អញ្ជើញធ្វើទស្សនកិច្ច កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង នៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដើម្បីសិក្សាស្វែងយល់ ពីការវិនិយោគរ វាងវិស័យសារធារណៈ និងឯកជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ និងការតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ។

បន្ទាប់ពីម្ចាស់កសិដ្ឋាន បានបង្ហាញអំពីខ្សែច្រវ៉ាក់ តម្លៃមាន់ស្រែរួចមក លោករដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ម្ចាស់ កសិដ្ឋាន ដែលបានបង្កើត កសិដ្ឋានដ៏ធំមួយនេះ ដើម្បីផលិត និងផ្គត់ផ្គង់តម្រូវការមាន់ស្រែ ទាំងទីផ្សារនៅក្នុងខេត្ត និងក្រៅខេត្ត។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យការវិនិយោគរវាងវិស័យសារធារណៈ និងឯកជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ មានប្រសិទ្ធភាពខ្ពស់ គម្រោង អេមស៍ ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងវិស័យនេះ ត្រូវសហការគ្នាធ្វើឱ្យ មានដំណើរការល្អក្នុងខ្សែច្រវ៉ាក់ តម្លៃមាន់ស្រែ ដើម្បីជាផលប្រយោជន៍ ដល់តួអង្គទាំងអស់ ក្នុងខ្សែច្រវ៉ាក់តម្លៃ រួមទាំងអ្នកផលិតខ្នាតតូច ផងដែរ ។

ដោយមើលឃើញ សក្ដានុពលពង្រីកផលិតកម្ម និងទីផ្សាររបស់កសិករ គម្រោងអេមស៍ បានសម្រេចជ្រើសរើស យកក្រុមហ៊ុន៣ភីអិលអ៊ីហ្វាម ឯ.ក (3PLE FARMS) សម្រាប់ធ្វើទស្សនកិច្ចនៅថ្ងៃនេះ ដើម្បីស្វែងយល់ពីដំណើរការ នៃខ្សែច្រវ៉ាក់តម្លែផលិតកម្មមាន់សាច់ របស់ក្រុមហ៊ុន ដកស្រង់យកបទពិសោធន៍ល្អៗ និងឈានទៅរកកិច្ចសហប្រតិបត្តិការ ក្នុងរូបភាពណាមួយ ជាមួយក្រុមហ៊ុនក្នុងស្មារតី ភាពជាដៃគូ ការវិនិយោគលើវិស័យសាធារណៈ និងឯកជន។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន បញ្ជ្រាបកសិករ របស់គម្រោងអេមស៍ ទៅក្នុងទីផ្សារ សក្តានុពលដែលមាន ស្រាប់របស់ក្រុមហ៊ុន តាមរយៈផែនការយុទ្ធសាស្រ្តទីផ្សារ របស់ក្រុមហ៊ុន ដើម្បីបង្កើនប្រាក់ចំណូល ដល់កសិករខ្នាតតូច ដែលរស់នៅក្នុងសហគមន៍ក្បែរៗក្រុមហ៊ុន និងបើកច្រកទីផ្សារមាន់ស្រែ បន្ថែមទៀត ដើម្បីលើកស្ទួយជីវភាព កសិករខ្នាតតូចកម្ពុជា។ មួយវិញទៀត គម្រោងអេមស៍ នឹងជួយសម្របសម្រួល ដល់ក្រុមហ៊ុន ក្នុងការស្វែងរក ហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម ជាពិសេសក្រសួងពាណិជ្ជកម្ម ដែលដឹកនាំប្រតិបត្តិ គម្រោងអេមស៍ នឹងទំនាក់ទំនងជាមួយ ក្រុមហ៊ុនដើម្បីអញ្ជើញចូលរួមពិព័ណ៍ ភូមិមួយផលិតផលមួយ និងកម្មវិធីយុទ្ធនាការទិញផលិតផលខ្មែរ។

បើតាមមតិរបស់ លោក ចាន់ សុខទី នាយកគម្រោងអេមស៍ បានឱ្យដឹងថា គម្រោងអេមស៍បានចងក្រងក្រុមកសិករផលិតមាន់ស្រែបានចំនួន ៩០៦គ្រួសារ ចែកចេញជា ២១ក្រុមកសិករផលិត នៅខេត្តកំពត។ កសិករក្នុងក្រុមមានសមត្ថភាពផលិតមាន់ស្រែបានជាង ៥តោនក្នុងមួយខែ។ ទីផ្សារនៅក្នុងខេត្ត អាចស្រូបយកមាន់ស្រែបានប្រមាណ៧០% នៃផលិតផលសរុប និងទីផ្សារដទៃទៀតអាចស្រូបយកបានប្រមាណ៣០%។

គម្រោងអេមស៍មានប្រតិបត្តិការនៅ ១៨ខេត្ត និងគាំទ្រខ្សែច្រវ៉ាក់តម្លៃផលិតផល ៥ប្រភេទដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។ អ្នកទទួលផលគោលដៅផ្ទាល់របស់គម្រោង គឺជាគ្រួសារកសិករខ្នាតតូចរួមមានកសិករក្រីក្រ និងស្ថានភាពជិតក្រីក្រចំនួន ៧៥ ០០០ គ្រួសារ ដែលស្ម័គ្រចិត្តសហការជាមួយសកម្មភាពគម្រោងតាមរយៈការ ចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃ។ ក្រុមអ្នកទទួលផលគោលដៅបន្ទាប់ រួមមាន សហគមន៍កសិកម្ម អង្គការកសិករ សហគ្រាសធុនតូច និងមធ្យម កសិពាណិជ្ជកម្ម សហគ្រាសសេវាកម្ម និងសមាគមឧស្សាហកម្មជាដើម៕