ព្រោះតែឆ្កែ ធ្វើឱ្យបុរសជនជាតិចិនម្នាក់ ត្រូវជាប់គុក

0

ភ្នំពេញ៖ លោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន បុរសជនជាតិចិន ដែលកាប់សន្ដិសុខឲ្យរបួសធ្ងន់ ព្រោះខឹងមិនឲ្យយកឆ្កែចូលបន្ទប់សណ្ឋាគារ។

សូមជម្រាបថា បុរសជនជាតិចិនម្នាក់ ស្រវឹងជោគជាំ យកកាំបិតកាប់សន្តិសុខ របស់សណ្ឋាគារមួយកន្លែង ក្នុងខណ្ឌចំការមន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ព្រោះខឹងគេមិនឲ្យនាំឆ្កែចូលបន្ទប់សណ្ឋាគារ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ជនបង្កឈ្មោះ Zhao Long Wei។

មុនកើតហេតុជនរងគ្រោះ ឈ្មោះ ចេវ សារួន មុខរបរសន្ដិសុខ បានធ្វើការហាមឃាត់ មិនឲ្យជនបង្កយកឆ្កែចូលសណ្ឋាគារទេ ព្រោះជាបំរាមរបស់សណ្ឋាគារ ហើយពេលនោះជនបង្កមានអាការៈស្រវឹងជោកជាំ។

ជនបង្កជនជាតិចិន មិនស្តាប់ការហាមឃាត់ឡើយ ក៏បាននាំកូនឆ្កែឡើង តាមជណ្តើរយន្តទៅបន្ទប់ស្នាក់នៅជាន់ទី២៨ នៃសណ្ឋាគារ។ ពេលនោះ ជនរងគ្រោះ និងសន្តិសុខផ្សេងទៀត បានទៅឃាត់ជនសង្ស័យ មិនឲ្យយកឆ្កែចូលបន្ទប់ឡើយ។

ភ្លាមៗនោះ ជនបង្កខឹងបានចូលយកកាំបិតមកកាប់លើជនរងគ្រោះ ចំចង្កេះខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត៕