ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញមុខឆ្លើយទៅនឹងសំនួររបស់ អ្នកសារព័ត៌មាន ដែលបានចោទសួរពាក់ព័ន្ធនឹងការវិវត្តន៍ចុងក្រោយ នៃជំងឺកូវីដ១៩ ។
តាមរយៈបណ្ដាញទំនាក់ទំនងតេលេក្រាម លោកស្រីរដ្ឋលេខាធិការ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់ ដោយឆ្លេីយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជាច្រេីនដែលបានសាកសួរមកខ្ញុំ មានសំណួរប្រហាក់ប្រហែលគ្នាដូចខាងក្រោមនេះ៖
+សំណួរទី១. តើស្ត្រីអនិកជនខ្មែរ-អាមេរិចកាំងនោះ នៅបន្តធ្វើចត្តាឡីស័កនៅខេត្តកំពង់ចាម ឬយកមកភ្នំពេញ? ព្រោះឮថា ក្រសួងសុខាភិបាលយកគាត់មកធ្វើចត្តាឡីស័កនៅភ្នំពេញ?
ចម្លេីយសំណួរទី១. ស្ត្រីរូបនោះ ត្រូវបានដាក់ធ្វេីចត្តាឡីស័កនៅខេត្តកំពង់ចាមចំនួន១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយដែលបានរៀបចំឡេីងដោយអាជ្ញាធរខេត្ត។
+សំណួរទី២៖ តេីកន្លងមកធ្លាប់មានករណីរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនេះដែរឫទេ? បេីមាន តើសរុបប៉ុន្មានករណីដែរ?
ចម្លេីយសំណួរទី២. កន្លងមក ក៏មានការគេចវេសក្នុងការធ្វេីតេស្តរកវីរុសកូវីដ-១៩ ក្នុងចំនួនតិចតួចណាស់ តែមិនមានការគេចវេសធ្វេីចត្តាឡីស័កបែបដូចករណីស្ត្រីខ្មែរ-អាមេរិកកាំងនេះទេ។ យេីងបានអប់រំណែនាំពួកគាត់ ដេីម្បីព្រមព្រៀងធ្វេីតេស្ត និងតាមដានសុខភាពបន្ត។
+សំណួរទី៣៖ តើក្រសួងសុខាភិបាលនឹងមានវិធានការបែបណា សម្រាប់ស្ត្រីរូបនេះ ឬអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក្ត ដោយដាក់ទោសទណ្ឌ ឬពិន័យអ្វីទេ ដើម្បីការពារកុំឱ្យមានការរត់ចេញបែបនេះទៀត?
ចម្លេីយសំណួរទី៣. នេះជាករណីដែលបានចាក ចេញពីកន្លែងធ្វេីចត្តាឡីស័ក ដោយមិនបានស្នេីសុំត្រឹមត្រូវ ដែលជាទង្វេីលួចចេញដោយមិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ។ ករណីនេះ ទាមទារពេលវេលាបន្តិចសិន ដេីម្បីក្រុមការងារ ថ្នាក់ក្រោមជាតិដែលមានអាជ្ញាធរខេត្តដឹកនាំ កំពុងធ្វេីការងារបន្តទៀតសិន។
+សំណួរទូី៤៖ ប្រជាពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើដំណើរពីប្រទេសរុស្ស៊ី និងអេហ្ស៊ីប ឆ្លងតាមប្រទេសម៉ាឡេស៊ី តើក្រសួងសុខាភិបាលនឹងមានវិធានការ និងធ្វើចត្តាឡីស័កពួកគាត់នៅឯណា?
ចម្លេីយសំណួរទី៤. ក្រសួងបានត្រៀមលក្ខណ:ជួយសម្របសម្រួលអនុវត្តវិធានការត្រួតពិនិត្យសុខភាព ជូនដល់អ្នកដំណេីរទាំងអស់ដែលត្រូវចូលមកកម្ពុជា ដូចដែលបាននិងកំពុងធ្វេីហេីយ។ ប្រសិនបេីមានព័ត៌មានអ្វីបន្ថែមទៀត ក្រសួងសុខាភិបាលនឹងជូនព័ត៌មានដល់សាធារណជន ដូចធ្លាប់បានធ្វេីកន្លងមកអញ្ចឹង។
+សំណួរទី៥. តើលោកជំទាវមានជាសារ ឫការណែនាំអ្វីចង់បញ្ជាក់បន្ថែមទៀតអ្វីខ្លះដែរទេ?
ចម្លេីយសំណួរទី៥. ថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំតាមរយ:ទំព័រហ្វេសបុករបស់សម្តេចតេជោរួចហេីយ ដូច្នេះ ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនក្នុងការការពារការចម្លងវីរុសកូវីដ-១៩ តាមការអំពាវនាវ និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដូចដែលធ្លាប់បានពន្យល់និងលេីកឡេីងជារឿយៗ និងច្រេីនលេីកមកហេីយ ដែរ។ សម្រាប់បុគ្គលដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ៖ ចាំបាច់ត្រូវតែគោរពអនុវត្តវិធានការចត្តាឡីស័កនេះ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ ទាំងជនជាតិខ្មែរ ទាំងជនបរទេសទាំងអស់ដែលរស់នៅ និងចូលមកកម្ពុជា ។ ប្រសិនបេីមិនប្រតិបត្តិតាមវិធានការដែលក្រសួងសុខាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឫទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាលដេីម្បីទប់ស្កាត់និងឆ្លេីយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ជាដេីម។
ខ្ញុំសូមអរគុណជាអនេកនូវការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ក្នុងការអនុវត្តវិធានការសុខាភិបាលនិងការការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន កុំភ្លេចខ្លួនឲ្យសោះថា កូវីដ-១៩ កំពុងតែនៅចរាចររាតត្បាតពាសពេញសាកលលោកយ៉ាក្លាំងក្លានៅឡេីយទេ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ សប្បាយរីករាយដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ក្នុងថ្ងៃឈប់សម្រាកការងារនៅថ្ងៃទី១៧ ដល់ទី ២១ ខែសីហា ឆ្នាំ២០២0 នាពេលខាងមុខនេះ និងសូមចៀសផុតការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត និងកុំឲ្យមានការចម្លងចូលក្នុងសហគមន៌យេីងផងដែរ។
សូមអរគុណ