ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានធ្វើការថ្កោលទោស យ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់ស្ត្រីម្នាក់ ដែលបានយកកាំបិតឆូតមុខ ច្រមុះ ដៃ ទៅលើកុមារីអាយុ ៥ឆ្នាំ និងស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ចាត់ វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមយើងបន្តទៀត ។
សូមរំលឹកថា កាលពីវេលាម៉ោង ៣.១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ត្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ បានធ្វើ ទារុណកម្មដោយយកកាំបិតឆូតមុខ ច្រមុះ ដៃ ទៅលើកុមារីឈ្មោះ ឡាស់ម៉ារី លីយ៉ា អាយុ៥ឆ្នាំ ។
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) ក៏ដូចជាសាធារណជនទូទៅ មានការរន្ធត់ តក់ស្លុតឥតឧបមា និងមានការ អាណិតអាសូរក្រៃលែង ចំពោះកុមាររងគ្រោះដោយ អំពើអមនុស្សធម៌នេះ និងយល់ឃើញថា អំពើដ៏សាហាវ ឃោរឃៅ យង់ឃ្នង ព្រៃផ្សៃរបស់ ស្ត្រីរូបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិទទួលបាន ការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិរស់រានមានជីវិតរបស់កុមារ ។
ពាក់ព័ន្ធនឹងអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់ វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមយើងបន្តទៀត ៕