ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ នាពេលខាងមុខនេះ កងទ័ពកម្ពុជា កងទ័ពឡាវ និងកងទ័ពវៀតណាម គ្រោងនឹងធ្វើសមយុទ្ធរួមគ្នា ក្នុងកិច្ចការជួយ សង្រ្គោះគ្រោះមហន្តរាយ ។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងការពារប្រទេសឡាវមកក្រសួងការពារជាតិកម្ពុជា ក្នុងការប្រុងប្រៀបរៀបចំធ្វើសមយុទ្ធរួមគ្នា ក្នុងកិច្ចការជួយសង្រ្គោះគ្រោះមហន្តរាយ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណកម្មការ សង្គ្រោះគ្រោះមហន្តរាយ ក.ព.ជ នៅថ្ងៃទី១៥ កក្កដានេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមលក្ខណៈ កម្លាំងជំនាញទាំងបីប្រភេទទ័ព ព្រមទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយផ្សេងៗទៀត ដែលក្រសួងការពារជាតិមាន ក្នុងការធ្វើសមយុទ្ធសង្រោះ គ្រោះមហន្តរាយរួមគ្នាដែលមានសមាសភាព ចូលរួមពីកងទ័ពកម្ពុជា កងទ័ពឡាវ និងកងទ័ពវៀតណាម ដែលគ្រោងធ្វើនាពេលខាងមុខនេះ ។
ក្នុងកិច្ចប្រជុំនោះដែរ នាយឧត្ដមសេនីយ៍ ម៉ឹង សំផន ក៏បានភ្ជាប់ការងាររបស់ គណកម្មការសង្គ្រោះ គ្រោះមហន្តរាយក្រសួងការពារជាតិ ដែលស្របពេលរដូវវស្សាឈាន ចូលមកដល់ផងនោះ តាមបណ្តាលអង្គភាព ជំនាញត្រូវត្រៀម គ្រប់លក្ខណ: ដើម្បីចុះជួយប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើត ឡើងជាយថាហេតុ នៅក្នុងរដូវវស្សាឆ្នាំ២០២០នេះ។
ជាមួយគ្នានោះ លោកនាយកឧត្ដមសេនីយ៍ ក៏បានក្រើនរំលឹកគ្រប់បណ្តា អង្គភាពពាក់ព័ន្ធ កម្លាំងជំនាញទាំងអស់ ត្រូវត្រៀមលក្ខណៈទាំងកម្លាំង ឧបករណ៍ មធ្យោបាយ សម្ភារៈគ្រប់ប្រភេទរួមមាន៖ ឧទ្ធម្ភាគចក្រ នាវា អូប៊័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត ដើម្បីប្រតិបត្តិការ ការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ ពេលវេលានិងធានាបានសុខសុវត្តិភាព ចំពោះអាយុជីវិតក៏ដូចជា ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុ ក្នុងរដូវវស្សាឆ្នាំនេះ ៕