WHO កោតសសើររដ្ឋបាល ថ្នាក់ក្រោមជាតិរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

0

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានថ្លែងកោតសសើរដល់ រដ្ឋបាលថ្នាក់ ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈ បានយ៉ាងល្អក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងមហាផ្ទៃ ។

ក្នុងកិច្ចប្រជុំស្ដីពី កម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ កក្កដានេះ លោកស្រី លី អៃឡាន បញ្ជាក់ថា «កាលពីសប្ដាហ៍មុន ខ្ញុំមានកិត្តិយសដែលបានចុះធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដើម្បីពិនិត្យមើលដោយផ្ទាល់ អំពីរបៀបដែលខេត្តនីមួយៗ បាននិងកំពុងរៀបចំត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ ខ្ញុំសូមថ្លែងអំណរគុណ ដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តមអភិបាលខេត្តទាំងបី ផងដែរ»។

លោកស្រីបន្ដថា ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។ លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យ ព្រោះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវិនិយោគទៅលើ ទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាពុំទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារជំងឺកូដីដ-១៩នោះទេ ៕