ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ប្រាប់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តកោះកុង យ៉ាងច្បាស់ថា រាល់ការទិញ-លក់ដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈ ត្រឹមត្រូវតាមផ្លូវច្បាប់ នឹងត្រូវប្រឈមការផ្ដន្ទាទោស ទៅតាមផ្លូវតុលាការ ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកោះកុង ននៅថ្ងៃទី១៤ កក្កដា បានឲ្យដឹងថា ថ្មីៗនេះនៅតាមបណ្ដាភូមិ ឃុំមួយចំនួន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាមតំបន់មួយចំនួនទៀត មានការទិញ-លក់ ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងក្នុងគម្របព្រៃឈើយ៉ាងអណាធិបតេយ្យ ។
រដ្ឋបាលខេត្តបញ្ជាក់ថា «ការទិញ-លក់ដីធ្លី ដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធនឹង មន្ត្រីភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ យ៉ាងនេះ គឺជាទង្វើខុសច្បាប់ ។ រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការលក់-ទិញដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោស ទៅតុលាការតាមផ្លូវច្បាប់» ។
ដើម្បីចៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ប្រយោជន៍ ពីការលក់-ទិញដីធ្លីនេះ រដ្ឋបាលខេត្តកោះកុង បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់-ទិញដីធ្លី មិនស្របតាមផ្លូវច្បាប់បែបនេះ ៕