កម្ពុជា-ថៃ ឯកភាពបន្ថែមម៉ោង បើកច្រកព្រំដែនអន្តរជាតិភ្នំដី សម្រាប់ដោះដូរទំនិញ

0

ភ្នំពេញ៖ ក្រោយពីមានការរឹតបណ្ដឹងមួយរយៈ នៅតាមបណ្ដាព្រំដែន កម្ពុជា-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ភាគីទាំងពីរ បានឯកភាពគ្នាបន្ថែមពេលវេលា សម្រាប់ដោះដូរទំនិញ នៅច្រកទ្វារព្រំដែនអន្តរជាតិ បានខៅឌីន(ថៃ) និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(កម្ពុជា) ។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា «នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចូលរួមកិច្ចប្រជុំជាមួយភាគីថៃ អំពីការងារផ្សព្វផ្សាយ និងការអនុវត្តបន្ធូរបន្ថយដំណើរការឆ្លងកាត់ រវាងច្រកទ្វារព្រំដែនអន្តរជាតិ បានខៅឌីន និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នៅអគារទំនាក់ទំនងទាហានឈុតខ្មៅ។»

កិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសហការី ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី, លោកប្រធានការិយាល័យគយ និងរដ្ឋាករ, លោកប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងលោកប្រធានចត្តាឡីស័កប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី។

ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីថៃក៏បានបញ្ជាក់អំពីបទបញ្ជាថ្មី របស់រដ្ឋបាលខេត្តស្រះកែវ ស្ដីពីការអនុញ្ញាតឲ្យ ធ្វើការនាំទំនិញចូល-ចេញ គ្រប់ប្រភេទ រវាងប្រទេសកម្ពុជា និងប្រទេសថៃ (លើកលែងតែទំនិញ ដែលប្រទេសហាមឃាត់) និងបានបន្ថែមពេលវេលា ក្នុងការបើកច្រកទ្វារព្រំដែន ចាប់ពីវេលាម៉ោង ០៦និង០០នាទី ដល់ម៉ោង ១៨និង០០នាទី ជារៀងរាល់ថ្ងៃ។

ចំពោះអ្នកបើករថយន្តដឹកទំនិញ និងអ្នករួមដំណើរ គឺតម្រូវឲ្យមានគ្នាមិនលើស ០២នាក់ ត្រូវមានលិខិតបញ្ជាក់សុខភាពពីស្ថាប័នជំនាញ របស់ព្រះរាជាណាចក្រថៃ និងមានការត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នៅពេលធ្វើការឆ្លងកាត់ព្រំដែន សម្រាប់មធ្យោបាយដឹកជញ្ជូន ត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឲ្យបានត្រឹមត្រូវ មុនពេលឆ្លងកាត់ ដើម្បីទប់ស្កាត់នូវការរីករាលដាល នៃវីរុសកូវីដ-១៩៕