ក្រសួងសុខាភិបាល ស្រាយចំងល់ពាក់ព័ន្ធ ករណីមនុស្ស ៨នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទាំងយប់

0

ភ្នំពេញ៖ លោកស្រ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមុខស្រាយចំងល់ ពាក់ព័ន្ធនឹង អ្នកដំណើរមកពីប្រទេសម៉ាឡេស៊ីចំនួន ៨នាក់ ដែលបានប៉ះពាល់ជាមួយ អ្នកផ្ទុកមេរោគកូវីដ១៩ចំនួន ៩នាក់នោះថា អ្នកដំណើរទាំងនេះ បានធ្វើដំណើរតាមជើងហោះហើរផ្សេង មិនមានវិជ្ជមានវីរុសកូវីដ-១៩នោះទេ គ្រាន់តែជាអ្នកដែលបានស្នាក់នៅ រង់ចាំលទ្ធផលតេស្ត នៅទីតាំងមួយ ក្នុងជាន់ខុសគ្នាតែប៉ុណ្ណោះ។

លោកស្រ ឱ វណ្ណឌីន លើកឡើងបែបនេះ ក្រោយពីមានចំងល់ជុំវិញករណី ដែលមានមនុស្ស ៨នាក់ ក្នុងខណ្ឌឬស្សីកែវ បានប៉ះពាល់ជាមួយ អ្នកផ្ទុកមេរោគកូវីដ១៩ចំនួន ៩នាក់ ត្រូវបានបញ្ជូនធ្វើចត្តាឡីស័កនៅសណ្ឋាគារ សែនហានទាំងយប់ថ្ងៃទី១០ កក្កដា ។

តាមរយៈបណ្ដាញ ទំនាក់ទំនងតេលេក្រាម លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់យ៉ាងដូច្នេះថា «ការដឹកពួកគាត់នេះ មិនទាន់អាចថាពួកគាត់មានវីរុសកូវីដ-១៩ នោះទេ។ ពួកគាត់ជាអ្នកធ្វើដំណើរ មកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរផ្សេង ដែលមិនមានវិជ្ជមានវីរុសកូវីដ-១៩។ តែដោយសារពួកគាត់ ជាអ្នកដែលបានស្នាក់នៅ រង់ចាំលទ្ធផលតេស្ត នៅទីតាំងមួយ ក្នុងជាន់ខុសគ្នា) ដែលមានអ្នកដំណើរ តាមជើងហោះហើរ ដែលបានរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងពេលថ្មីៗនេះចំនួន ២៤នាក់ ដូច្នេះ ដើម្បីស្រាវជ្រាវបន្ថែមក្រែង មានការចម្លងបន្តគ្នា ពីអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញនោះ និងដើម្បីការពារការចម្លង បន្តគ្នាជាយថាហេតុ ក្រុមគ្រូពេទ្យ ក៏បាននាំពួកគាត់ឲ្យ នៅចត្តាឡីស័កចំនួន១៤ថ្ងៃ តាមដានសុខភាពបន្តទៀត នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ» ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន១៦៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១៣៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣២នាក់ និងគ្មានអ្នកស្លាប់ ៕