ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់ថវិកាចំនួន ១ លានអឺរ៉ូបន្ថែមទៀត សម្រាប់កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) ដើម្បីផ្តល់ការគាំទ្របច្ចេកទេសដល់កម្មវិធីផ្ទេរប្រាក់សម្រាប់ប្រជាជនក្រីក្រ។ នេះបេីយោងតាមស្ថានទូតអាល្លឺម៉ង់។
ប្រទេសអាល្លឺម៉ង់ និងប្រទេសអូស្រ្តាលីបាននិងកំពុងធ្វើការជាមួយក្រសួងផែនការតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តការអាល្លឺម៉ង់ (GIZ) ក្នុងរយៈពេលជាង ១០ ឆ្នាំក្នុងការបង្កើត និងថែរក្សាប្រព័ន្ធសំរាប់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនិងគ្រួសារងាយរងគ្រោះ។ ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់។ វាមានភាពសារៈសំខាន់ខ្លាំងណាស់សម្រាប់ការគ្រប់គ្រងការផ្ទេរសាច់ប្រាក់សម្រាប់ប្រជាជនក្រីក្រ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។ បច្ចុប្បន្នប្រជាជនកម្ពុជាចំនួន ៥៦០.០០០ គ្រួសារ (២,៣ លាននាក់) មានសិទ្ធិទទួលបានការផ្ទេរប្រាក់ថ្មីនេះ។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ប្រទេសអាល្លឺម៉ង់បានចូលរួមវិភាគទានចំនួន ៧,១ លានអឺរ៉ូ (ប្រមាណ ៨ លានដុល្លារអាមេរិក) និងអូស្ត្រាលី ១៤ លានដុល្លារអូស្ត្រាលី (ប្រហែល ១០ លានដុល្លារអាមេរិក) ។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានដោះស្រាយវិបត្តិសុខភាពយ៉ាងជោគជ័យ។ តាមរយៈការគាំទ្រដល់គ្រួសារក្រីក្រ កម្ពុជាបង្ហាញចំណាត់ដ៏ត្រឹមត្រូវក្នុងការគាំពារផលប៉ះពាល់សេដ្ឋកិច្ច។ ប្រទេសអាល្លឺម៉ង់មានសេចក្តីរីករាយនឹងគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការដ៏សំខាន់នេះតាមរយៈជំនាញបច្ចេកទេសរបស់ខ្លួន ” ។
ក្នុងកំឡុងពេលមានវិបត្តិរាតត្បាតជម្ងឺ កូវីត ១៩ ប្រទេសអាល្លឺម៉ង់ក៏បានជួយដល់ព្រះរាជាណាចក្រកម្ពុជានូវទឹកប្រាក់ចំនួន ១,៥ លានអឺរ៉ូដើម្បីពង្រឹងការធ្វើវិភាគរកមេរោគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕