ភ្នំពេញ៖ ជំងឺកូវីដ១៩ គឺជាបញ្ហាសកល ដែលធ្វើឲ្យមាន ការរាំងស្ទះនូវកិច្ចការមួយចំនួន មិនថាផ្នែកសេដ្ឋកិច្ច ឬការផ្ដល់ជូនសេវាសាធារណៈ ផ្សេងៗឡើយ ជុំវិញបញ្ហានេះ ក៏បានក្លាយជាឧសគ្គរារាំង ការដឹកជញ្ជូនសម្ភារមួយចំនួន សម្រាប់បំពាក់ នៅតាមការិយាល័យ ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាចុះបញ្ជី ទោចក្រយានយន្តជូនពលរដ្ឋ ហើយបញ្ហានេះបាន ធ្វើឱ្យការដាក់ឱ្យដំណើរការ ក៏ត្រូវពន្យាពេលរហូត ដល់ដំណាច់ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ។
ថ្លែងក្នុង កិច្ចប្រជុំត្រួតពិនិត្យលទ្ធផល ការអនុវត្តការងារចុះបញ្ជី ទោចក្រយានយន្ត របស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រក ខណ្ឌ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីស្ដាប់នូវរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាក់ទងនឹងការអនុវត្តនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌក្រសួងទទួលខុសត្រូវ ពិសេសការផ្ដល់សេវានានាជូនប្រជាពលរដ្ឋ ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ រាយការណ៍ជូនសម្ដេច និងអង្គប្រជុំថា បញ្ហាកូវីដ១៩ បានក្លាយជាឧសគ្គរារាំង ការដឹកជញ្ជូនសម្ភារៈមួយចំនួន សម្រាប់បំពាក់ នៅតាមការិយាល័យ ច្រកចេញចូលតែមួយ ដើម្បីផ្ដល់សេវាចុះបញ្ជី ទោចក្រយានយន្តជូនពលរដ្ឋ ហើយថាបញ្ហានេះបាន ធ្វើឱ្យការដាក់ឱ្យដំណើរការ ក៏ត្រូវពន្យាពេលរហូត ដល់ដំណាច់ឆ្នាំ២០២០។
លោករដ្ឋមន្រ្តី បន្តថានៅក្នុងដំណាក់កាលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារ ប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើម្បីចេញសេចក្ដីណែនាំ ពាក់ព័ន្ធនឹងដំណើការ ផ្ដល់សេវាចុះបញ្ជី ទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យា រិះរកបច្ចេកវិទ្យា ទប់ស្កាត់ការក្លែងបន្លំឯកសារ។
ជាមួយគ្នានេះ លោកស៊ុន ចាន់ថុល ក៏បានស្នើសុំការគាំទ្រ ពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ ប្រព័ន្ធអនឡាញ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយប្រព័ន្ធអនឡាញ គ្រប់គ្រងអត្តសញ្ញាណបណ្ណ របស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំ ឯកសារអត្តសញ្ញាណបណ្ណពេលស្នើ សុំចុះបញ្ជី ពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណបណ្ណដើម្បីបានស្លាកលេខភ្នំពេញ ហើយមន្រ្តីក៏ជួបការលំបាក ដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។
សូមបញ្ជាក់ថាបច្ចុប្បន្ន ការផ្ដល់សេវា ចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យ ច្រកចេញចូលតែមួយ មានចំនួន៥២ការិយាល័យ។ គិតចាប់ពីខែមករាឆ្នាំ២០១៧មក ការិយាល័យបានចុះបញ្ជីទោចក្រ យានយន្តជាង ៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជាង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតី ដូចជាការប្រើអត្តសញ្ញាណបណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ពន្ធដើម។
ពាក់ព័ន្ធនឹងការស្នើ សុំពន្យាពេលដល់ ដំណាច់ឆ្នាំ២០២០ សម្រាប់ការបំពាក់សម្ភារៈបំរើ ឱ្យការផ្ដល់សេវាចុះបញ្ជីយានយន្ត ដោយសារបញ្ហាកូវីដ១៩នោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ឯកភាពតាមសំណើ និងបានផ្ដល់ការណែនាំ កិច្ចការសំខាន់ៗមួយចំនួន ទៀតសម្រាប់ក្រុមការងារ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ៕